ព្រះគ្រូសីលគន្ធប្បជ្ជោត លឹម ប៊ុនថុន ផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — ព្រះគ្រូសីលគន្ធប្បជ្ជោត លឹម ប៊ុនថុន អនុគណ និងជាចៅអធិការវត្តហុងឡាំ បាននាំ យកអំណោយមូលនិធិសប្បុរសធម៌របស់ព្រះសង្ឃ ក្រុងក្រចេះ មកចែកជូនប្រជាពលរដ្ឋចំនួន ៣០គ្រួសារ នៅក្នុងសង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ៣កើត ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងពិធីចែកអំណោយមូលនិធិរបស់ព្រះសង្ឃក្រុងក្រចេះដែលផ្តួចផ្តើមដោយព្រះគ្រូ អនុគណក្រុងនៅពេលនោះ ក៏មានការអញ្ជើញចូលរួមពីលោក ម៉ែន វណ្ណា អភិបាលរងក្រុង និងលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី ហើយអំណោយដែលបានចែកជូននោះ គឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូក្រាម ទឹកត្រី ១យួរ ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ១ យួរ មី១កេស មុង១ ភួយ១ កន្ទេល១ និងសម្ភារផ្ទះបាយមួយចំនួន រួមនិងថវិកា ២ម៉ឺនរៀលផងដែរ។

ព្រះគ្រូសីលគន្ធប្បជ្ជោត លឹម ប៊ុនថុន អនុគណក្រុងក្រចេះ និងជាព្រះចៅអធិការវត្ត ហុង ឡាំ បានមានពុទ្ធដីកាថា ដោយមើល ឃើញពីភាពខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ ដែលទទួលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងមានការខ្វះខាតគ្រប់បែបយ៉ាង ទើបព្រះគ្រូបានធ្វើការបិណ្ឌបាត្រទៅដល់សប្បុរសជន រួមនិងលោកចៅសង្កាត់ ហើយមាន ការគាំទ្រពីសប្បុរសជនក្នុងនិងក្រៅខេត្តផង ទើបប្រមូលបាននូវសម្ភារ និងថវិកាមួយចំនួន មកផ្តល់ជូនប្រជពលរដ្ឋនាពេល នេះក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការខ្វះខាតផ្នែក ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះនិងកំពុងរង គ្រោះបានមួយរយៈខ្លីដែរ៕

ដោយ ជួន សុជាតិ