សម្តេចតេជោ និងឧបនាយករដ្ឋមន្រ្តីចិន អញ្ជើញបើកពន្លាជាតិកម្ពុជា និងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៥

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២១៨ — ពន្លាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងពិធីពិព័រណ៍ចិន-អាស៊ាន លើកទី១៥ បាន​ប្រារព្ធពិធីបើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទ និ​ង​ពិព័រណ៍ជាតិ ណាននីង តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោ​យ​មានការចូលរួមរបស់ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រា​ជា​ណាចក្រកម្ពុជា និងឯកឧត្តម ហាន់ ជឹង ឧបនាយករដ្ឋមន្រ្តី សមាជិកការិយាល័យ​ន​យោ​បា​យ​ និងជាគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន អញ្ជើញ​បើ​ករបាំងស្បៃនៃពន្លាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា នៅមុនពិធីបើកពិព័រណ៍ចិន-អាស៊ាន លើ​ក​ទី១៥។​នេះបើយោងតាមប្រភពពីទូរទស្សន៍ជាតិកម្ពុជា។សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះក្នុង​ពិ​ធី​បើកពិព័រណ៍ចិន អាស៊ាន លើកទី១៥ ក្រោមប្រធានបទ រួមគ្នា​កសាងវិថីសូត្រសមុទ្រ សត​វត្ស​រ៍ទី២១ (បង្កើតសហគមន៍ចិន-អាស៊ាន ប្រកបដោយនវានុវត្តន៍)ថា ពិព័រណ៍ចិន-អាស៊ាន បា​ន​​ក្លា​យជាវេទិកានយោបាយការទូត និងពាណិជ្ជកម្មប្រចាំឆ្នាំដ៏សំខាន់ និងមានប្រសិទ្ធភាព​ស​ម្រា​ប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិន និងវិនិយោគិន​ប្រទេស​សមា​ជិកអាស៊ានទាំងអស់ជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិ​យោ​គ។ ជាមួយគ្នានេះ ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន បានដើរតួនាទីរួមចំណែកយ៉ាង​សំ​ខាន់​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងអាស៊ាន ក៏​ដូ​ចជាក្នុងការជួយជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែរឹងមាំថែមទៀត។

សម្តេច​តេ​ជោ​​គូសបញ្ជាក់ថា ការតភ្ជាប់ឌីជីថល គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យ​កិច្ចសហ​ប្រតិ​បត្តិ​ការ​ចិន និងអាស៊ាន ដំណើរការទៅដោយរលូន ជាពិសេស សម្រេចបាននូវគោល​ដៅរួម​ក្រោម​ប្រ​ធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រ សតវត្សរ៍ទី២១ បង្កើតសហគមន៍ចិន-អាស៊ាន» ប្រក​ប​​ដោយ​នវានុវត្តន៍ បន្ថែមពីលើការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ទន្ទឹមនោះ ត្រូវផ្តល់លទ្ធ​ភា​ព​​ខ្ពស់ដល់ការស្រាវជ្រាវ វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ដែលជាមូលដ្ឋានដ៏សំខាន់​សម្រាប់​ទ្រទ្រង់​ឱ្យមានកំណើន សេដ្ឋកិច្ចប្រកបដោយស្ថេរភាព បង្កើតការងារធ្វើ និងជួយពង្រឹង​ដល់​ប្រ​ព័ន្ធ​សន្តិសុខ សុខុមាលភាពសង្គម។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសង្ឃឹម​យ៉ាង​មុ​ត​មាំថា កិច្ចសហប្រតិបត្តិការចិន-អាស៊ាន នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវបានពង្រឹងពង្រីកថែមទៀត ហើយមិត្តចិនដែលមានការរីកចម្រើនខ្លាំងក្នុងវិស័យ​វិទ្យា​សា​ស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងចែករំលែកនូវចំណេះដឹង និងចំណេះ​ធ្វើដល់​ភាគី​អា​ស៊ា​ន​។ ប្រការនេះនឹងជួយបណ្តាប្រទេសអាស៊ានឱ្យទទួលបាននូវអត្ថប្រយោជន៍​ធំធេងពីកិច្ច​ស​ហ​​ប្រតិបត្តិការនេះ ហើយចិន-អាស៊ាន នឹងសម្រេចបាននូវគោលដៅចុងក្រោយ គឺការកសាង​ស​ហគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្តន៍។
ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨នេះ ឯកឧត្តម លូ ស៊ីនសឺ លេ​ខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី និង​ឯក​ឧត្តម ហាន់ ជឹង ឧបនាយករដ្ឋមន្រ្តីចិន សមាជិកការិយាល័យនយោបាយ និងជាសមាជិក​គណៈ​កម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន មានប្រសាសន៍ថា ប្រធាន​បទនៃពិព័រណ៍ចិនអាស៊ាន លើកទី១៥នេះ បានរម្លេចឱ្យឃើញពីគំនិតផ្តួចផ្តើម ខ្សែក្រ​វា ត់ និងផ្លូវ និងកិច្ចសហប្រតិបត្តិការខាងនវានុវត្តន៍។ ខណៈដែលឆ្នាំនេះគឺជាឆ្នាំនៃកិច្ចសហ​ប្រតិបត្តិ​កា​​រ​ខាងនុវានុវត្តន៍រវាងចិន-អាស៊ាន ការតាំងពិព័រណ៍លើកនេះ នឹងបង្ហាញពីលទ្ធផល ខាងផ្នែកនវា​នុវត្តន៍ក៏ដូចជានិន្នាការថ្មីៗ នៃកិច្ចសហប្រតិបត្តិការខាងនវានុវត្តន៍ សំដៅចាក់ បញ្ចូល​ថាម​ពល​ថ្មី​ចូល ទៅក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន។

ឯកឧត្តមមានប្រសាសន៍បន្តថា ពិព័រ​ណ៍​ ចិន-អាស៊ាន លើកទី១៥នេះ នឹងបង្កើតឱកាសអាជីវកម្មបន្ថែមទៀត តួយ៉ាងគេនឹង​ឃើ​ញ​មា​ន ទំនិញដែលមានស្លាកយី យោល្បីៗពីតំបន់អាស៊ាន ខណៈ​ដែលប្រទេសអាស៊ាន​៨​ផ្សេ​ង​ទៀ​ត នឹងបង្កើតពន្លាដោយឡែកពីគ្នា ដើម្បីដាក់តាំងបង្ហាញផលិតផល និងសេវាកម្ម​របស់​ពួ​ក​គេ​។ ឯក​ឧត្តម​បន្តថា ដោយសារការតាំងពិព័រណ៌ឆ្នាំ២០១៨នេះ មានលក្ខណៈ ពិសេសគណៈ​កម្មា​ធិការ​ពិព័រណ៍ បានអញ្ជើញបណ្តាប្រទេសមកពីតំបន់អាហ្រ្វិក ដែលជា​ប្រទេសក្នុង​សូត្រ​សមុ​ទ្រ​​របស់​ចិន ដែលមានអត្ថន័យដ៏ទូលំទូលាយ ដែលមានការចូលរួមតាំងពិព័រណ៍រហូត​ដល់​​ជាង​៦.​៦០០ស្តង់ និងក្រុមហ៊ុនជាង៧ពាន់ក្រុមហ៊ុនចូលរួម។

គួរបញ្ជាក់ដែរថា នៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨នេះ ព្រះ​រាជា​ណា​ចក្រកម្ពុជា បានរៀបចំពន្លាជាតិរបស់ខ្លួនលើ​ផ្ទៃដីទំហំ ៣០៤ម៉ែត្រក្រឡា ដោយបាន​ជ្រើ​ស​​រើសយកប្រាសាទសំបូរព្រៃគុក ដែលទើបទទួល បានការដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិ​បេតិ​ក​ភ​​ណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ជាខេត្ត ស្រស់ប្រិមប្រិយ នៃព្រះរា​ជា​ណា​​ចក្រកម្ពុជា ស្របតាមប្រធានបទ រួមគ្នាកសាងវិថីសូត្រសមុទ្រ សតវត្សរ៍ទី២១ (បង្កើតសហ​គ​​មន៍​ចិន-អាស៊ាន ប្រកបដោយនវានុវត្តន៍)។ ពន្លាជាតិកម្ពុជាមាន​ខ្លោងទ្វារ​សាងសង់តាម​រច​នា​បទ ប្រាសាទសំបូរព្រៃគុក អមដោយរបងទាំងសងខាង ដែលមាន​ការ​តុបតែងតាម​រចនា​ប្រា​សាទសំបូរព្រៃគុក និងរំលេចដោយរូបភាព នៃទេសភាពប្រាសាទសំបូរ ព្រៃគុក។ ពន្លាជាតិ​កម្ពុជាក៏​បានរៀបចំលំអដោយការដាក់ទង់ជាតិទាំងបួន រួមមានទង់ជាតិ របស់ព្រះរាជា​ណាច​ក្រ​កម្ពុជា ទង់បេតិកភណ្ឌពិភពលោក ទង់អង្គការយូណេស្កូ និងទង់ព្រះរាជាណា​ចក្រអច្ឆរិយ: និង​រូបភាពស្តីពីសកម្មភាពសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាស​នៃ​ការប្រកាសអបអរសាទរប្រាសាទសំបូរព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុង​ពន្លាជាតិនោះដែរ ក៏មានការដាក់តាំងបង្ហាញនូវផលិតផល សក្តានុពលចម្រុះ ទាក់ទិន​ទៅ​នឹង​ផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ​សម្ភារ និងឯកសារស្តីពីសកម្មភាព ជំរុញពាណិជ្ជ​ក​ម្ម​ សេដ្ឋកិច្ច និងវិនិយោគនានា ពិសេសមានការសម្តែងសិល្បៈរបាំជូនពរ របស់ក្រុមសិល្បៈ ម​ហា​ជន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕

ដោយ ជឹម ណារី