មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ចាប់​ផ្តើមផ្តល់​សេវាថែទាំ និង​ព្យាបាល​ជំងឺទូ​ទៅ​របស់​កុមារ​

AKP សៀមរាប ថ្ងៃទី១២ ខែកញ្ញា ឆ្នំា២០១៨​  — ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បាន​បង្ហាញ​ថា ដើម្បី​បំពេញតម្រូវ​ការ​នៃ​ការ​ផ្តល់សេវា​សុខភាពរបស់​រដ្ឋ​ ​ជូន​ប្រជា​ពលរដ្ឋ​ឱ្យបាន​គ្រប់​គ្រាន់​ឥឡូវ​នេះ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ចាប់​ផ្តើមផ្តល់​សេវាថែទាំ និង​ព្យាបាល​ជំងឺទូ​ទៅ​របស់​កុមារនៅ​ក្នុង​មន្ទីរ​ពេទ្យបង្អែកនេះ​តែ​ម្តង​ ដោយ​មាន​ក្រុម​គ្រួពេទ្យ​ជំនាញ​ខាង​កុមារ​ដូចនៅមន្ទីរពេទ្យ គន្ធបុប្ផាដែរ។លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាលខេត្តសៀមរាបបានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ខែកញ្ញាឆ្នំា២០១៨នេះ​ថា ដើម្បី​ធ្វើ​ការ​ផ្តល់​សេវា​សុខ​ភាព​របស់រដ្ឋ​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​គ្រប់​គ្រាន់​មាន​តម្លាភាព​ និងងាយស្រួល​ដល់​អ្នកទទួលសេវា ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាបបាន​ឱ្យមន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាបចាប់​ផ្តើមផ្តល់​សេវាថែទាំ និង​ពិនិត្យពិគ្រោះព្យាបាល​ជំងឺទូ​ទៅ​របស់​កុមារនៅ​ក្នុង​មន្ទីរ​ពេទ្យបង្អែកនេះ​តែ​ម្តង​ ដោយ​មាន​ក្រុម​គ្រួពេទ្យ​ជំនាញ​ខាង​កុមារ​ដូចនៅមន្ទីរពេទ្យគន្ធបុប្ផា និងកុមារអង្គរដែរ។ ការ​ចាប់​ផ្តើមផ្តល់សេវាថែទាំ និងពិនិត្យពិគ្រោះព្យាបាលជំងឺទូទៅរបស់កុមារនេះ​ គឺដើម្បី​បំពេញតម្រូវការរបស់​ប្រជា​ពលរដ្ឋ ព្រោះថាកន្លងមកប្រជាពលរដ្ឋតែ​ងតែនិយាយថា នៅ​មន្ទីរពេទ្យបង្អែកខេត្ត មិនមាន​ការ​ផ្តល់​សេវាសម្រាប់​ជំងឺកុមារ​ដែល​តម្រូវ​ឱ្យ​ទៅ​តែ​មន្ទីរពេទ្យកុមារ ឥឡូវ​នេះខាងមន្ទីរពេទ្យបានរៀបចំឱ្យ​មាន​ហើយ ដែល​សេវានេះ​បានដំណើរការ​រយៈពេល​១ខែមកហើយ។

លោកបាន​បញ្ជាក់ថា ឥឡូវនេះប្រជាពលរដ្ឋ​ដែល​មានកូន​តូចៗមាន​ជំងឺអាច​ទៅ​ពិនិត្យពិគ្រោះនិងព្យាបាលជំងឺនៅ​មន្ទីរពេទ្យគន្ធបុប្ផា និងកុមារអង្គរ ឬមកមន្ទីរពេទ្យ​បង្អែកនេះក៍បាន​ ព្រោះថា ការ​ព្យាបាល​សម្រាប់​កុមារនេះ គឺ​មិន​យក​លុយដូចគ្នា។

លោកវេជ្ជបណ្ឌិត នួន បូរ៉ា ដែលមានឯក​ទ្ទេសខាង​ជំងឺកុមារ​នៃ​មន្ទីរពេទ្យ​បង្អែកខេត្តសៀមរាប​បាន​ឱ្យ​ដឹង​ថា សម្រាប់​ការ​ផ្តល់​សេវា​សុខភាពជំងឺទូទៅសម្រាប់​កុមារ​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​នេះ​ គឺយើង​មានគ្រូពេទ្យជំនាញ​ខាង​កុមារចំនួន៣នាក់ ហើយគ្រូពេទ្យ​ទំាង​នេះសុទ្ធតែមាន​បទពិសោធន៍យូរឆ្នំាផ្នែកកុមារ និង​ធ្លាប់បម្រើការងារនៅមន្ទីរពេទ្យគន្ធបុប្ផា។
លោកបាន​បញ្ជាក់ថា ចាប់ពីពេលនេះ​ទៅសម្រាប់​ប្រជា​ពលរដ្ឋ​ដែលគិតថា ទៅពិនិត្យ ជំងឺនៅមន្ទីរពេទ្យកុមារ មានកុមារច្រើន ឬចង្អៀតប្រជាពលរដ្ឋ​អាចមកទទួល​សេវា​សុខភាព​សម្រាប់​កុមារបាននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​នេះ​បាន៕

 

ដោយ ឃុត សៅ