អ្នកជំនាញកីឡាចុះទៅអភិវឌ្ឍន៍រដ្ឋបាលកីឡាដល់មន្ត្រីខេត្តមណ្ឌលគីរី

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — អ្នកជំនាញកីឡាជាច្រើនរូប នៅក្នុងវិស័យកីឡាកម្ពុជា បានចុះទៅពង្រឹកចំណេះដឹងដល់មន្ត្រី ខេត្តមណ្ឌលគីរី តាមរយៈការរៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា សម្រាប់ ថ្នាក់ដឹកនាំកីឡា និងគ្រូកីឡា នៅក្នុងខេត្តមណ្ឌលគិរី ដែលបានចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា និងគ្រោងបញ្ចប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការរៀបចំពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីអង្គការសាមគ្គីអូឡាំពិក។

វគ្គរដ្ឋបាលកីឡានេះមានសិក្ខាកាមចូលរួមចំនួន២៤នាក់ ដែលបង្ហាត់បង្រៀន ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា ដោយផ្តោតសំខាន់លើប្រវត្តិនៃចលនាអូឡាំពិក និងរចនាសម្ព័ន្ធ អង្គការសាមគ្គី អូឡាំពិក ទីផ្សារនិងកីឡា ផែនការធ្វើដំណើររបស់ ប្រតិភូកីឡា ព្រមទាំងផែនការកម្មវិធីហ្វឹក ហាត់កីឡា និងភាពជាអ្នកដឹកនាំជាដើម។

លោកវេជ្ជបណ្ឌិត ស្តើង ជា នឹងធ្វើបទបង្ហាញស្តីពីរបបអាហារ និងភេសជ្ជៈសម្រាប់ កីឡាករ-កីឡាការិនី ការត្រួតពិនិត្យលើសារធាតុហាមឃាត់ក្នុងវិស័យកីឡា “ដូពីង” ការសង្គ្រោះបឋម និងវេជ្ជសាស្ត្រកីឡា។ ចំពោះបទបង្ហាញលើកម្មវិធីលេងដោយយុត្តិធម៌ ការកំណត់និស្ស័យ របស់កីឡាករ, ការអភិវឌ្ឍគ្រូ បង្វឹកកីឡា ការអភិវឌ្ឍកីឡាករកម្រិតខ្ពស់ និងការដោះស្រាយ បញ្ហាជាដើម នឹងបង្រៀនដោយគ្រូឧទ្ទេស លោក កែវ សារ៉េត។ ចំណែកលោក បឹង គឹមតោ នឹងធ្វើបទបង្ហាញពីការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត, ការទំនាក់ទំនង, ការរៀបចំព្រឹត្តិការណ៍ កីឡាមួយ ការសិក្សាអំពីបញ្ហាស្រ្តី និងកីឡា និងការរៀបចំអង្គប្រជុំ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាថ្ងៃចុងក្រោយនៃវគ្គបណ្តុះ បណ្តាលនេះនឹងរៀប ចំធ្វើសិក្ខាសាលា និងការវាយតម្លៃអំពីការសិក្សារបស់សិក្ខាកាម៕

ដោយ ហេង ណាលីន