ជម្រើសជាតិកីឡាប៉េតង់៤រូប ចេញទៅប្រកួតជើងឯកពិភពលោក នៅប្រទេសកាណាដា

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — ប្រតិភូកីឡាករប៉េតង់កម្ពុជាបានចេញដំណើរ ដើម្បីចូលរួមប្រកួតប្រជែង មេដាយនៅក្នុងព្រឹត្តិ ការណ៍កីឡាប៉េតង់ជើងឯក ពិភពលោកផ្នែកបុរស លើកទី៤៨ នៅទីក្រុង Quebec ប្រទេស កាណាដា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ ២០១៨។

ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោក អ៊ិន គឹមស្រ៊ុន ប្រធានប្រតិភូ និងជាអគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបាន គូសបញ្ជាក់ថា សម្រាប់ឆ្នាំនេះសហព័ន្ធបានបញ្ជូនគ្រូបង្វឹកម្នាក់ និងកីឡាករ៤នាក់ រួមមាន កីឡាករ សុខ ចាន់មាន កីឡាករ យឹម សុភ័ណ្ឌ កីឡាករ ថោង ឈឿន និងកីឡាករ ស៊ីន វង់ ដែលត្រូវ​ប្រកួតលើវិញ្ញាសាវាយយកពិន្ទុឯកត្តជន និងវាយ៣នាក់ទល់៣នាក់បុរស។

លោកបានបន្ដថា “តាមពិតយើងត្រូវចេញទៅមុន៤ថ្ងៃ មុនការប្រកួតចាប់ផ្តើម ប៉ុន្តែ មាន​ភាពយឺតយ៉ាវដោយសារបញ្ហាការផ្តល់ទិដ្ឋាការពីស្ថានទូតនៃប្រទេសកាណាដា។ ប្រទេស ក្នុងអាស៊ាន គឺមានតែ២ប្រទេស គឺថៃ និងម៉ាឡេស៊ីប៉ុណ្ណោះ ដែលមានសំណាង ទទួលបាន ទិដ្ឋាការ។ ដំបូងប្រទេសកាណាដាមិនព្រមផ្តល់ទិដ្ឋាការជូនអត្តពលិកប៉េតង់កម្ពុជាទេ ប៉ុន្តែ ដោយសារមានការតវ៉ា ទើបកម្ពុជាទទួលបានទិដ្ឋាការ និងមានឱកាសចេញទៅប្រកួត ហើយសម្រាប់ពេលវេលារបស់កីឡាករកម្ពុជា គឺខ្លីបំផុត ដែលទៅដល់ភ្លាមនឹងត្រូវចាប់ផ្តើម ប្រកួតភ្លាម​ មិនមានពេលច្រើនសម្រាប់ការសម្រាកឡើយ។ លោកបានត្អូញត្អែថា កាណាដា គឺប្រទេសដែលលំបាកបំផុតក្នុងការផ្តល់ទិដ្ឋាការ ដែលលំបាកជាងសហរដ្ឋអាមេរិក ហើយ បណ្តាប្រទេសមួយចំនួនមិនបានចូលរួមឡើយ។

លោកចាត់ទុកថា ក្រុមប៉េតង់របស់កម្ពុជាគឺជាក្រុមខ្លាំងមួយជាមួយក្រុមថៃ នៅក្នុងទ្វីបអាស៊ី ហើយនៅបណ្តាទ្វីបទាំងអស់មានប្រហែលតែ២ប្រទេស ក្នុងទ្វីបនីមួយៗ ដែលខ្លាំងៗ។ លោកបានបន្ដទៀតថា ការប្រកួតជើងឯកពិភពលោកនេះ មានតែ២វិញ្ញាសា ប៉ុណ្ណោះស្មើនឹងមេដាយមាសតែ២ប៉ុណ្ណោះ ដូច្នេះការឈ្នះទម្រាំបានមេដាយមាស ឬមេដាយ ក្នុងកម្រិតប្រាក់ ឬសំរឹទ្ធិ គឺជារឿងលំបាកបំផុត ដែលមេដាយតែ១ត្រូវប្រជែង ដោយអត្ត ពលិកមកពីជាង៤០ ប្រទេស។

គួររម្លឹកថា ម្ចាស់មេដាយមាសជើងឯកពិភពលោក ឆ្នាំ២០១៦ កីឡាករ សុខ ចាន់មាន ត្រូវលេងលើវិញ្ញាសាវាយយកពិន្ទុ ស្របពេលដែលកីឡាករ៣នាក់ យឹម សុភ័ណ្ឌ កីឡាករ ថោង ឈឿន និងកីឡាករ ស៊ីន វង់ ត្រូវលេងលើវិញ្ញាសា៣នាក់ទល់៣នាក់៕

ដោយ ហេង ណាលីន