ធនាគារ កូរ៉េ ទិញភាគហ៊ុន១០០ភាគរយ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨ — ធនាគារកូរ៉េ ទិញភាគហ៊ុន ១០០ភាគរយ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី នៅ កម្ពុជា ដើម្បីពង្រីកទំហំប្រតិបត្តិការហិរញ្ញវត្ថុ ឱ្យកាន់តែធំបន្ថែម ទៅលើប្រតិបត្តិការ ដែល មានស្រាប់នៅកម្ពុជា។


លោក SEO Joon Yong តំណាងរបស់ធនាគារ NongHyup បានឱ្យដឹងថា ការទិញ យកនូវភាគហ៊ុនទាំងស្រុងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសាមិក ភីអិលស៊ីនៅកម្ពុជានេះ គឺដោយ សារធនាគារ ណុងហឹប ចង់ពង្រីកទំហំប្រតិបត្តិការហិរញ្ញវត្ថុ លើសេវាកម្ម ដែលមានស្រាប់ ដោយធនាគារកូរ៉េ និងបន្ថែមទំហំទ្រព្យសកម្ម ឱ្យបានច្រើនបន្ថែមក្នុងទីផ្សារហិរញ្ញវត្ថុ នៅកម្ពុជា។ លោកបន្តថា គិតត្រឹមបំណាច់ឆ្នាំ២០១៧ ធនាគារ NongHyup មានសាខាប្រតិ បត្តិការសរុប ជាង១ពាន់សាខា ជាមួយនឹងទ្រព្យសម្បត្តិសរុប ២៤៧ពាន់លានដុល្លារ សហរដ្ឋ អាមេរិក និងមានអតិថិជនប្រមាណជាង៣០លាននាក់ នៅទូទាំងប្រទេសកូរ៉េខាងត្បូង។ លោកបានបន្ថែមថា សម្រាប់វត្តមានធនាគារណុងហឹបនៅកម្ពុជា នាពេលនេះ នឹងកាន់តែ​បំពេញបាននូវតម្រូវការអតិថិជន ជាជនជាតិកូរ៉េនៅកម្ពុជា និងប្រជាពលករខ្មែរនៅកូរ៉េ ងាយស្រួលក្នុងការទទួលបាននូវសេវាកម្មហិរញ្ញវត្ថុផងដែរ។

លោក គិត សុវណ្ណារិទ្ធិ អគ្គនាយករងត្រួតពិនិត្យ និងជាប្រធាននាយកដ្ឋានត្រួតពិនិត្យ ឯកសាររបស់ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ក្នុងពិធីសម្ពោធជាផ្លូវការមីក្រូហិរញ្ញ វត្ថុណុងហឹប កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលថា ធនាគារកូរ៉េ ណុងហឹបនៅកម្ពុជា នឹងជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ចនិងលើក កម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋនៅទីជនបទ ព្រមទាំងចូលរួមចំណែកក្នុងការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននៅឥណទានក្នុងលក្ខខណ្ឌល្អ ប្រសើរ ផងដែរ។ លោកបានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០១៨នេះ វិស័យមីគ្រូហិរញ្ញវត្ថុមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ ការផ្តល់ឥណទាន មានទឹកប្រាក់ប្រមាណជា៤.៦ប៊ីលានដុល្លារ កើនឡើងប្រមាណ ៧.៦ភាគរយ និងអតិថិជន ដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមានប្រមាណ២.១២ប៊ីលានដុល្លារ កើនឡើង៦.៣ភាគរយ បើធៀបនឹងត្រីមាសទី៤ឆ្នាំ២០១៧៕

ដោយ ម៉ៅ ចរិយា