សម្ដេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃនឹងរៀបចំគោលការណ៍បន្ថែមពង្រឹងតួនាទី មេភូមិ មេឃុំ សង្កាត់ ស្មៀន និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្ដីស្ដីទីបានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានចាប់​ផ្ដើមរៀបចំគោលការណ៍ និងវិធាន​ការកែលម្អបន្ថែមក្នុងការចូលរួមពង្រឹងលើតួនាទី និងការ ទទួលខុសត្រូវរបស់មេភូមិ មេឃុំ សង្កាត់ ស្មៀន និងប៉ុស្ដិ៍នគរបាលរដ្ឋ បាលឃុំ សង្កាត់នៅ ទូទាំងប្រទេស ដើម្បីប្រគល់សិទ្ធិអំណាច ធនធាន និងថវិកាសម្រាប់យកទៅប្រើ​ប្រាស់ដោយ មានការទទួលខុសត្រូវរបស់ខ្លួន។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធាន អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គនាយក អគ្គាធិការ និងបំពាក់ឋានន្ដរស័ក្ដិដល់ នាយនគរបាល ជាតិជាន់ខ្ពស់ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង មហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងកំពុងតែ រៀបចំក្រុមការ ងារមួយ ដោយប្រមូលឯកសារពាក់ព័ន្ធសម្រាប់ធ្វើការសិក្សាវាយតម្លៃឱ្យបានរួចរាល់ បន្ទាប់ មកនឹងធ្វើការផ្ទេរសិទ្ធិអំណាច តួនាទី ភារកិច្ច ការទទួលខុសត្រូវ ទាំងធនធាន និងការគ្រប់ គ្រងថវិកា ឱ្យដល់ឃុំ សង្កាត់ជាអ្នកទទួលខុសត្រូវ។​

សម្ដេចក្រឡាហោមបានបន្ដថា ការ រៀបចំ គោលការណ៍ វិធានការពង្រឹងតួនាទីមេភូមិ ឃុំ សង្កាត់ ស្មៀន និងប៉ុស្ដិ៍ នគរបាលរដ្ឋ បាលឃុំ សង្កាត់នៅទូទាំងប្រទេសនេះ ដោយចាប់ផ្ដើមបណ្ដុះបណ្ដាលអំពីតួនាទី ការទទួល ខុសត្រូវ ការលើកទឹកចិត្ត និងជួយណែនាំ តម្រង់ទិសដៅការអនុវត្ដការងារ ព្រមទាំងផ្ដល់ គោលនយោបាយឱ្យបានសមស្របដល់មន្រ្ដីនៅថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោមបានលើកឡើងទៀតថា ក្រសួងនឹងបន្ដសម្របសម្រួលជំរុញការ អនុវត្ដកំណែទ​ម្រង់ វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព លើការផ្ទេរមុខងារ ធនធាន និងការពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋ បាល និងភ្នាក់ងារមានសមត្ថកិច្ច ដែលនៅជាប់ផ្ទាល់ជាមួយជីវភាពរស់នៅរបស់ប្រជាពល រដ្ឋគឺរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងមន្រ្ដីដឹកនាំ ភូមិ។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃបានចាត់ទុកតួអង្គទាំង៤នេះគឺជាតួអង្គដែលមានសារៈសំខាន់ ដែលស្ថិតនៅកៀក ជាប់ជាប្រចាំ និងដឹងអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលត្រូវមានការ លើក​ទឹកចិត្ដគិតគូរ ហើយរៀបចំជាគោលការណ៍ និងវិធានការបន្ថែមទៀត ដើម្បីជួយលើក កម្ពស់គុណភាព ប្រសិទ្ធភាពការងាររបស់មន្រ្ដីទាំងអស់នោះនៅថ្នាក់មូលដ្ឋាន។

សម្ដេចក្រឡាហោមបានបន្ថែមថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈ ការនេះ មិនអាចក្រសួងមហាផ្ទៃ ឬក្រសួងណាមួយអនុវត្ដន៍ម្នាក់ឯងបាននោះទេ ទាល់តែក្រសួង ស្ថាប័នក្នុងរាជរដ្ឋាភិបាលទាំងមូលមានឆន្ទៈប្ដេជ្ញាចិត្ដច្បាស់លាស់ សម្រាប់ការធ្វើការផ្ទេរ មុខងារ ធនធាន និងថវិកាទៅឱ្យថ្នាក់ក្រោមជាតិ៕

ដោយ អ៊ុន រិទ្ធី