រាត្រីសប្តាហ៍វប្បធម៌វៀតណាម-កម្ពុជា ឆ្នាំ២០១៨ បានបង្ហាញនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — រាត្រីសប្តាហ៍វប្បធម៌វៀតណាម-កម្ពុជាឆ្នាំ២០១៨ បានប្រារព្ធពិធីបើកជាផ្លូវការ កាលពីរាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម LE KHANH HAI អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ថ្លែងក្នុងរាត្រីសប្តាហ៍វប្បធម៌នេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា ការសម្តែងសិល្បៈនាឱកាសនេះ គឺជាការអនុវត្តកិច្ចសហប្រតិបត្តិការវប្បធម៌រវាងក្រសួងជំនាញនៃប្រទេសទាំងពីរ ដោយធ្វើ ការផ្លាស់ប្តូរសប្តាហ៍វប្បធម៌ក្នុងរយៈពេលមួយឆ្នាំម្តង។ ពោលគឺ (១ឆ្នាំវៀតណាមរៀបចំ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាម្តង និង១ឆ្នាំកម្ពុជារៀបចំសប្តាហ៍វប្បធម៌កម្ពុជា នៅវៀតណាមម្តង) ហើយឆ្នាំ២០១៨នេះ គឺជាឆ្នាំទី១៥ ដែលប្រទេសទាំងពីរកម្ពុជា-វៀតណាម បានធ្វើការផ្លាស់ប្តូររៀបចំសប្តាហ៍វប្បធម៌ទៅវិញទៅមក។ កម្មវិធីនេះ ឆ្លុះបញ្ចាំងអំពីទំនាក់ ទំនងល្អរវាងប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម ដែលមានជាប្រពៃណីតាំងពីយូរលង់ ណាស់មកហើយ ទាំងក្នុងគ្រាលំបាកបំផុត ក៏ដូចនៅក្នុងពេលសន្តិភាព។ ការសម្តែងសិល្បៈនារាត្រីនេះ គឺជាផ្ទាំងទស្សនីយភាពចម្រុះ ដែលជាសមិទ្ធផលកើតចេញ ពីកិច្ចសហប្រតិបត្តិការរបស់ក្រសួងវប្បធម៌ និងវិចិត្រសល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកជំទាវរដ្ឋមន្ត្រីបន្តថា កម្ពុជានិងវៀតណាម ជាប្រទេសភូមិផងរបងជាមួយគ្នា ដែលមានទំនាក់ទំនងលើគ្រប់វិស័យ ហើយវិស័យវប្បធម៌ បានចូលរួមយ៉ាងសកម្ម ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។ នាពេលបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺត្រូវបានពង្រឹងពង្រីកកាន់តែរឹងមាំ និងល្អប្រសើរជាលំដាប់ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងអប់រំ។ ទំនាក់ទំនងល្អនេះ ជាសញ្ញាបង្ហាញពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយល្អ រវាងប្រទេសទាំងពីរ ដែលមើលឃើញច្បាស់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចផ្លូវ ការទៅវិញទៅមករបស់គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសទាំងពីរ។ លើសពីនេះទៀត ប្រទេសទាំងពីរតែងតែធ្វើការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរជាតិនានា ដូចជាវេទិកានៃកិច្ចប្រជុំរបស់អង្គការយូណេស្កូជាដើម។

លោកជំទាវរដ្ឋមន្ត្រីរម្លឹកថា កាលពីឆ្នាំ២០១៧កន្លងមក កម្ពុជា និងវៀតណាមបាន ប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានដាក់ចេញនូវសកម្មភាពផ្សេងៗជាច្រើន ដើម្បីធ្វើឱ្យពិធីអបអរសាទរដល់ខួបនៃទំនាក់ ទំនងការទូតនេះមានភាពអធិកអធម។

ដោយឡែកក្នុងកិច្ចការវប្បធម៌ ស្ថាប័នជំនាញនៃ ប្រទេសទាំងពីរបានរៀបចំព្រឹត្តិ ការណ៍វប្បធម៌ជាច្រើននៅក្នុងប្រទេសទាំងពីរ ដើម្បីចូលរួម អបអរសាទរដល់ខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក្នុងនោះរួមមានការ សម្តែងសិល្បៈរួមគ្នា ការរៀបចំពិព័រណ៍ និងការបញ្ចាំងភាពយន្ត ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អក្រោមកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ស្របតាមគោល នយោ​បាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ​បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកិច្ចសហ ប្រតិបត្តិការល្អ ជាពិសេសចំពោះបណ្តាប្រទេសជិតខាងភូមិផងរបងជាមួយ ហើយចេះរួមរស់ប្រកប ដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចលករនៅក្នុងការជំរុញឱ្យរាល់សកម្មភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរអាចអនុវត្តន៍ទៅបានដោយរលូន៕

ដោយ ប៉ាល់ សុង