វេទិកាសេដ្ឋកិច្ចខាងកើតលើកទី៤ បើកធ្វើនៅវ្ល៉ាឌីវ៉ូស្តុករបស់រុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — ពួកមេដឹកនាំពិភពលោក និងមហាសេដ្ឋីពាណិជ្ជកម្មបានជួបប្រជុំគ្នានៅក្នុងទីក្រុងកំពង់ផែវ្ល៉ាឌីវ៉ូស្តុក ចុងបូព៌ាប្រទេសរុស្ស៊ី ដើម្បីធ្វើការពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការនៅឯវេទិកាសេដ្ឋកិច្ចខាងកើត (​EEF ) លើកទី៤ ដែលបានបើកពីថ្ងៃអង្គារនេះ ។

វេទិការយៈពេល៣ថ្ងៃនៅក្រោមប្រធានបទ « ចុងបូព៌ាៈ ការពង្រីកចម្ងាយលទ្ធភាព » បានទាក់ទាញពួកអ្នកចូលរួមរាប់ពាន់នាក់មកពីបណ្តាប្រទេសជាង៦០ ។ ពួកអ្នកចូលរួមនឹងចែករំលែកនូវគំនិតរបស់ពួកគេ ជុំវិញប្រធានបទកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការអភិវឌ្ឍចុងបូព៌ា , អាទិភាព ឧស្សាហកម្មនៅចុងបូព៌ា , ឧបករណ៍គាំទ្រពួកអ្នកវិនិយោគ ព្រមទាំង វិធានការធ្វើឱ្យល្អប្រសើរស្ថានភាពរស់នៅ ។

នៅទីនោះក៏នឹងមានផងដែរកម្មវិធីវប្បធម៌, កីឡា និងអប់រំ ក្នុងអំឡុងវេទិកានេះ ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping ) នឹងចូលរួម EEF នៅឆ្នាំនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin ) ។ វានឹងជាលើកដំបូងសម្រាប់ប្រមុខរដ្ឋចិន ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

បង្កើតឡើងដោយលោក ពូទីន ក្នុងឆ្នាំ ២០១៥ នោះ EEF ប្រចាំឆ្នាំបានបម្រើធ្វើជាកន្លែងយ៉ាងសំខាន់មួយសម្រាប់ការសន្ទនាទល់មុខគ្នាក្នុងចំណោមពួកអ្នកនយោបាយ , ពួកអ្នកកាន់កាប់ពាណិជ្ជកម្ម ព្រមទាំងពួកអ្នកជំនាញការសម្រាប់ការអភិវឌ្ឍចុងបូព៌ា ព្រមទាំងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )