សម្ព័ន្ធអារ៉ាប់ថ្កោលទោសការសម្រេចបិទការិយាល័យ PLO នៅក្រុងវ៉ាស៊ីងតោនរបស់អាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃអង្គារអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អាម៉េដ អាប៊ុលហ្គេត (Ahmed ABoul-Gheit ) បានថ្កោលទោសការសម្រេចបិទការិយាល័យអង្គការរំដោះប៉ាឡេស្ទីន ( PLO ) នៅក្រុងវ៉ាស៊ីងតោន ។

លោក អាប៊ុល-ហ្គេត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចនេះ គឺជានយោ បាយនិងទម្រង់ការអយុត្តិធម៌មួយ ក្នុងបណ្តានយោបាយ និងទម្រង់ការអយុត្តិធម៌ជាបន្តបន្ទាប់របស់ ស.រ.អា ចំពោះពួកប៉ាឡេស្ទីន ដែលមានបំណងធ្វើការកៀបសង្កត់ដល់បុព្វហេតុរបស់ពួកគេ ។

លោកបាននិយាយបន្ថែមថា នយោបាយរបស់រដ្ឋការអាម៉េរិកបច្ចុប្បន្ន ដែលចាប់ផ្តើមជាមួយការផ្ទេរស្ថានទូតរបស់ខ្លួនទៅកាន់ហ្សេរុយសាឡឹម កាលពីខែឧសភាកន្លងទៅបានបង្ហាញឱ្យឃើញនូវភាព លំអៀងទាំងស្រុងរបស់ខ្លួនទៅរករបៀបវារៈអ៊ីស្រាអែល ។ កាលពីថ្ងៃចន្ទ ស.រ.អា បានប្រកាសសម្រេចបិទការិយាល័យរបស់ PLO ក្នុងក្រុងវ៉ាស៊ីងតោនដោយ មិនខ្វល់អំពីការប៉ុនប៉ុងរបស់ប៉ាឡេស្ទីន ដើម្បីជំរុញឱ្យមានការស៊ើបអង្កេតមួយរបស់តុលាការឧក្រិដ្ឋកម្ម អន្តរជាតិចំពោះប្រទេសអ៊ីស្រាអែលនោះ ។

អគ្គលេខាធិការ PLO លោក សាអេប អេរ៉េកាត ( Saeb Erekat ) បាននិយាយនៅពេលក្រោយ មកនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងរំលឹកឡើងវិញថា សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនមិនមែនសម្រាប់លក់ទេ ហើយយើងនឹងមិនធ្វើទៅតាមការគំរាម និងការសម្លុតរបស់ ស.រ.អា ឡើយ ។ កាលពីក្នុងខែសីហា ក្រសួងការបរទេសអាម៉េរិក បានប្រកាសការសម្រេចចិត្តមួយ ដើម្បីណែនាំ ឡើងវិញ នូវជំនួយសេដ្ឋកិច្ចទៅឱ្យពួកប៉ាឡេស្ទីន ដែលមានតម្លៃជាង២០០លានដុល្លារ ។
ក្រោយមកក្រសួងនេះបានប្រកាសថា ខ្លួននឹងលែងផ្តល់ប្រាក់ជំនួយទៀតហើយ ដល់ទីភ្នាក់ងារ ជំនួយ និងការងារ អ.ស.ប សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ។

លោក អាប៊ុល ហ្គេត បាននិយាយថា ទង្វើទាំងនេះមានបំណងគាបសង្កត់រដ្ឋការប៉ាឡេស្ទីន ព្រម ទាំងបានគូសបញ្ជាក់ឱ្យឃើញនូវការយល់ខុសមួយ ចំពោះការតស៊ូជាប្រវត្តិសាស្ត្ររបស់ប៉ាឡេស្ទីន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)