ចិននិងរុស្ស៊ី ព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការអនុប្រទេស

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping ) នឹងសមភាគីរុស្ស៊ី របស់លោកគឺ លោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin )កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យជំរុញកិច្ចសហប្រតិបត្តិការអនុប្រទេស ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនិងផលប្រយោជន៍ប្រជាជនទាំងពីរ ។

ប្រមុខរដ្ឋទាំងពីរបានធ្វើការកត់សម្គាល់នេះ នៅពេលចូលរួមកិច្ចប្រជុំតុមូលមួយ ស្តីពីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់រវាងប្រទេសទាំងពីរ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចខាងកើត (​EEF ) លើកទី៤ ដែលកំពុងដំណើរការទៅចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ នៅវ្ល៉ាឌីវ៉ូស្តុក រុស្ស៊ី ។

ដោយកត់សម្គាល់ថា ចិន និងរុស្ស៊ីគឺជាប្រទេសនៅជិតខាងគ្នាដ៏ធំបំផុត​ទៅវិញទៅមក នឹងជាដៃគូ សម្របសម្រួលជាយុទ្ធសាស្ត្រដ៏ទូលំទូលាយយ៉ាងសំខាន់បំផុត ដែលមានផលប្រយោជន៍យ៉ាងធំទូលាយនោះ លោក ស៊ី បាននិយាយថា ប្រការនេះនឹងនាំឱ្យមានការដោះស្រាយរួមគ្នានូវគ្រោះថ្នាក់ និងការប្រកួតប្រជែងនៅខាងក្រៅ ព្រមទាំងការជំរុញការអភិវឌ្ឍរួម ហើយនឹងការធ្វើឱ្យក្លៀវក្លាឡើងវិញសម្រាប់ភាគីទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នឹងធ្វើឱ្យស៊ីជម្រៅការធ្វើសមាហរណកម្មផលប្រយោជន៍របស់ខ្លួន ។

ដោយចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការអនុប្រទេស គឺជាផ្នែកយ៉ាងសំខាន់មួយ នៃភាពជាដៃគូការសម្របសម្រួលជាយុទ្ធសាស្ត្រ ដ៏ទូលំទូលាយ រុស្ស៊ី – ចិន នោះ លោក ពូទីន បាននិយាយថា លោកមានការសប្បាយរីករាយដែលថា តំបន់ថ្នាក់ស្រុករបស់ប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម យ៉ាងជិតស្និទ្ធក៏ដូចជាកាផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងវប្បធម៌នោះ ។

លោកបាននិយាយថា រដ្ឋាភិបាលរុស្ស៊ីស្វាគមន៍ ក្រុមហ៊ុនចិនឱ្យមកធ្វើវិនិយោគក្នុងប្រទេសនេះ ព្រមទាំងមានឆន្ទៈបន្តផ្តល់ឱ្យនូវស្ថានភាពដែលគួរជាទីពេញចិត្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុប្រទេសរវាងប្រទេសទាំងពីរ ។ EEF បានបើកធ្វើឡើងក្នុងឆ្នាំ ២០១៥ ដោយការផ្តួចផ្តើមគំនិតផ្ទាល់ខ្លួនរបស់លោក ពូទីន ។ ការចូលរួមរបស់លោក ស៊ី នឹងជាការចូលរួមលើកដំបូង ធ្វើឡើងដោយប្រមុខរដ្ឋចិននៅឯវេទិកានេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )