ប្រទេសចិន​ និងវៀតណាមសន្យាគ្នាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ — ប្រទេសចិន និងវៀតណាម បានសន្យាគ្នាកាលពីថ្ងៃអង្គារថា នឹងជំរុញកិច្ចសហប្រតិ​បត្តិ​ការ​ភាពជាដៃគូយុទ្ធសាស្រ្តឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតរបស់ពួកគេ។ ការសន្យានេះ​បានធ្វើឡើង​ក្នុងអំឡុងពេលកិច្ចប្រជុំមួយ នៅទីក្រុងហាណូយ រវាងនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀង ស៊ុនផុក និងឧបនាយករដ្ឋមន្រ្តីចិន លោក ហូ ឈុនហ៊ួ។

លោក ហូ​ គឺកំពុង​ស្ថិតនៅទីក្រុងហាណូយ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្តីអំពី អាស៊ាន​(ASEAN) ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែកញ្ញានេះ។ លោក ហូ បាននិយាយថា មេដឹកនាំនៃប្រទេសទាំងពីរ បានរៀបចំប្លង់ និងផែនការ​យុទ្ធសាស្រ្តក្នុង កម្រិតកំពូល សម្រាប់ការអភិវឌ្ឍចំណងទាក់ទងទ្វេភាគី ក្នុងអំឡុងពេលការ​ផ្លាស់​ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក កាលពីឆ្នាំកន្លងទៅ។ លោកបានសង្កត់ធ្ងន់ថា ប្រទេស​ចិន​មានឆន្ទៈធ្វើការងារជាមួយវៀតណាម ដោយអនុលោមទៅតាមអ្វីដែលមេដឹកនាំប្រទេស​ទាំងពីរបានធ្វើឡើងរហូតមកដល់ពេលនេះ ដើម្បីឈានឆ្ពោះទៅរកភាពជាដៃគូកិច្ចសហ​ប្រតិបត្តិ​ការយុទ្ធសាស្រ្តកាន់តែប្រសើរឡើង​ចិន-វៀតណាម។

លោក ហូ បាននិយាយថា ប្រទេសចិនត្រៀមរួចជាស្រេច​ ដើម្បីសម្របសម្រួលឱ្យមាន​ការចូលរួមរបស់បណ្តាក្រុមហ៊ុនវៀតណាម ដោយគូសបញ្ជាក់ថា ប្រទេសចិន​ស្វាគមន៍គណៈ​ប្រតិភូមួយក្រុមដែលដឹកនាំដោយលោក ផុក ទៅចូលរួមការតាំងពិព័រណ៌ ការនាំចូលអន្តរ​ជាតិ​ចិន (CIIE) ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ។ សម្រាប់ជាផ្នែកមួយរបស់លោក ផុក លោកបាននិយាយថា ការចូលរួមរបស់លោក ហូ នៅ WEF មិនគ្រាន់តែបង្ហាញពីសារសំខាន់ដែលបានសម្រេចឡើងដោយ​ប្រទេសចិន ចំពោះ​កិច្ច​ទំនាកទំនងចិន- វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញនូវមិត្តភាពជាបងប្អូន​រវាង​ប្រទេស​​ទាំងពីរផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាម បានគូសបញ្ជាក់ថា ​ការអភិវឌ្ឍនៅក្នុងនាមជាអ្នកជិតខាង និង​​​ភាពជាមិត្តដ៏ល្អ​ ជាពិសេសកិច្ចសហប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែន​ជាមួយប្រទេស​ចិន ​​គឺជាអាទិភាពខ្ពស់បំផុត សម្រាប់ប្រទេសវៀតណាម។

លោកបាននិយាយទៀតថា ប្រទេសវៀតណាម គាំទ្រ និងមានឆន្ទៈក្នុងការចូលរួមយ៉ាង​សកម្មនៅក្នុងការអនុវត្តខ្សែក្រវ៉ាត់មួយ និងផ្លូវមួយដែលបានស្នើឡើងដោយប្រទេសចិន​ ដោយ​​បន្ថែមថា ប្រទេស វៀតណាមនឹងរួមដៃគ្នាជាធ្លុងមួយ​ជាមួយប្រទេសចិន ដើម្បីជំរុញ​ភាព​ជាដៃគូកិច្ចសហ​ប្រតិបត្តិ​ការយុទ្ធសាស្រ្តឱ្យកាន់តែប្រសើរឡើងរបស់ពួកគេ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )