ឯកឧត្ដម អូស្មាន ហាស្សាន់ ស្នើឱ្យមជ្ឈមណ្ឌលវិទ្យាសាស្រ្តហាឡាល់ប្រទេសថៃ ជួយពង្រឹងវឌ្ឍនភាពហាឡាល់នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ –ក្នុងដំណើរបេសកកម្មទៅកាន់ប្រទេសថៃឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានចូលជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំនៃមជ្ឈ មណ្ឌលវិទ្យាសាស្រ្តហាឡាល់ របស់ប្រទេសថៃ ដោយបានស្នើឱ្យលោក បណ្ឌិត Winai Dahlanប្រធានមជ្ឈមណ្ឌលវិទ្យាសាស្រ្តហាឡាល់ ប្រទេសថៃ និងលោកបណ្ឌិត Prakon Priyakorn អគ្គលេខាធិការក្រុមប្រឹក្សាកណ្តាលអ៊ិស្លាម ប្រទេសថៃ បន្ដជួយពង្រឹងវឌ្ឍនភាពហាឡាល់នៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព ជូនអតិថិជន យកទៅប្រើប្រាស់ប្រកបដោយផាសុកភាពទៅថ្ងៃអនាគត ។ ជំនួបនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ។ 

 ឯកឧត្ដម អូស្មាន ហាស្សាន់ មានប្រសាសន៍ថា  ជំនួបនេះធ្វើឡើងក្នុងគោលបំណងសិក្សាឈ្វេងយល់ពីវឌ្ឍនភាពហាឡាល់ ប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសការចែករម្លែក បទពិសោធន៍ពីការរីកចម្រើនឧស្សាហកម្មហាឡាល់ថៃ ដែលបានដំណើរការមុនកម្ពុជា ហើយក៏ជាអ្នកដែលមានបទពិសោធន៍ជោគជ័យលើវិស័យនេះ ។  ក្នុងជំនួបនេះដែរមជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល់ គ្រោងនឹងផ្តល់អាហារូបករណ៍ មួយចំនួនដល់ក្រុមឯកទេសហាឡាល់កម្ពុជា ដើម្បីទៅសិក្សាពង្រឹងបច្ចេកទេស វិទ្យាសាស្រ្តហាឡាល់ នៅមជ្ឈមណ្ឌលនេះ ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ ។ 

  ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះឈ្នះ ជាច្រើនបន្តបន្ទាប់ ក្នុងគោលបំណងបន្ត អភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ក្នុងវិស័យឧស្សាហកម្មគ្រប់ផ្នែក រួមទាំងឧស្សាហកម្មហាឡាល់ គឺជាគោលដៅចម្បងដែលកម្ពុជាកំពុងយកចិត្តទុកដាក់ ជំរុញឱ្យមានកំណើនវិនិយោគឧស្សាហកម្មហាឡាល់ ពីការវិនិយោគិនបរទេស។  

      លោកបណ្ឌិត Winai Dahlan ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្រ្តហាឡាល់ប្រទេសថៃ ក៏បានអញ្ជើញ ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និង ថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជាទៅចូលរួមសន្និសីទអន្តរជាតិហាឡាល់ថៃឆ្នាំ២០១៨ លើកទី១០ នៅថ្ងៃទី១៤- ១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ ខាងមុខនេះផងដែរ  

ដោយសួស សំរិត