កម្ពុជាជ្រើសរើសប្រាសាទសំបូរព្រៃ គុក តុបតែងពន្លាជាតិក្នុងពិព័រណ៍ចិន-អាស៊ាន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

នៅក្នុងឆ្នាំនេះ គឺជាខួបលើកទី១៥ នៃពិព័រណ៍ចិន-អាស៊ាន ដែលប្រារព្ធឡើងក្រោមប្រធានបទ “រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃភាពច្នៃប្រឌិតថ្មី ចិន-អាស៊ាន” ដោយផ្តោតសំខាន់ទៅលើការតាំងបង្ហាញផលិតផលប្រើប្រាស់ និងសេវាកម្មទូទៅ អមដោយការរៀបចំវេទិកាពាណិជ្ជកម្ម និងកិច្ចប្រជុំនានា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនងការទូត និងជាយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងចិន-អាស៊ាន។

ក្នុងនាមជាប្រទេសកិត្តិយសនៃពិពរ័ណ៍ចិន-អាស៊ាន កម្ពុជាបានជ្រើសរើសប្រាសាទសំបូរព្រៃគុក ដែលជាកូនក្រមុំលាក់ខ្លួន នៅក្នុងខេត្តកំពង់ធំ ដើម្បីតុបតែងពន្លាជាតិ ឱ្យទៅជាទីក្រុងដ៏ស្រស់ប្រិមប្រិយ ដែលមានអគារទំហំ ៤៥ x ៦០ម៉ែត្រ អាចរៀបចំស្តង់បង្ហាញផលិតផល និងសេវាកម្មចំនួន ១៤៦ស្តង់ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគ និងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យចូលមកបណ្តាក់ទុន និងទស្សនាប្រាសាទនានាកាន់តែច្រើន នាពេលអនាគត។

ចាប់តាំងពីការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ កូនក្រមុំលាក់ខ្លួនរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរជនជាតិចិន ឱ្យចូលមកកម្សាន្តឥតឈប់ឈរ និងបានទិញយកនូវវត្ថុអនុស្សាវរីយ៍ ដែលសុទ្ធសឹងជាផលិតផលខ្មែរ ត្រលប់ទៅវិញថែមទៀត។ តាមរយៈការចូលរួមព្រឹត្តិការណ៍នេះ ក៏បានធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាន់តែមានភាពជាម្ចាស់ការ ហើយវិស័យសិល្បៈ និងវប្បធម៌របស់កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការសម្តែង និងការបង្ហាញនៅពន្លាជាតិរបស់កម្ពុជា។

ក្រៅពីបង្ហាញវត្តមានកូនក្រមុំលាក់ខ្លួន ក្រសួងពាណិជ្ជកម្ម ដែលទទួលខុសត្រូវរួម ក្នុងការចូលរួមពិព័រណ៍ឆ្នាំនេះ ក៏បានរៀបចំសិក្ខាសាលាខ្លីៗ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគថ្មីៗចំនួន ១២ រវាងវិនិយោគិនចិន និងសហគ្រិនកម្ពុជា និងសហគ្រិនចិន ដែលមានតម្លៃគិតជាទឹកប្រាក់ ៧៩,លាន៦សែន៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ផងដែរ។

ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងចូលរួមពិពរ័ណ៍ចិន-អាស៊ាន ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំរបស់ទីក្រុងណាននីង ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការទូត ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសក្នុងតំបន់៕