ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យផ្លូវដីក្រហមមួយខ្សែ គ្រោងចាក់បេតុងនៅពេលខាងមុខនេះ

AKP ព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ –កាលពីរសៀលថ្ងៃអង្គា ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨  ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ រួមដំណើរដោយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានបានចុះពិនិត្យមើលស្ថានភាពផ្លូវដីក្រហមមួយខ្សែបែកពីផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ថានីប្រេងឥន្ធនៈតូតាល់ឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ១ តភ្ជាប់មកផ្លូវមិត្តភាពមុខសាលាក្រុងព្រះសីហនុ ដោយគ្រោងប្រែក្លាយផ្លូវដីក្រហមមួយខ្សែនេះឱ្យទៅជាផ្លូវបេតុងក្នុងពេលដ៏ឆាប់ខាងមុខនេះ ដែលជាជំនួយរបស់សប្បុរសជន គ្រោងចំណាយថវិកាជាង ៤០ម៉ឺនដុល្លាអាម៉េរិក ។
  

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ដោយសារតែស្ថានភាពចរាចរណ៍នៅខេត្តព្រះសីហនុ មានភាពមមាញឹក និងកំណើនយានយន្តមានការកើនឡើងរយៈពេលពីរឆ្នាំចុងក្រោយនេះ ។ រដ្ឋបាលខេត្តបានគិតគូជាចាំបាច់ក្នុងការកែលម្អផ្លូវក្នុងក្រុងឱ្យបានប្រសើរ ដើម្បីសម្រួលបញ្ចៀសការកកស្ទះចរាចរណ៍    
    ឯកឧត្តមបញ្ជាក់បន្ថែមថា ក្នុងពេលឆាប់ៗខាងមុខនេះខេត្តនឹងកែលម្អផ្លូវនេះឱ្យទៅជាផ្លូវបេតុង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើចរាចរ និងអាចជួយកាត់បន្ថយការកកស្ទះបានមួយកម្រិត ជាពិសេសនៅចំណុចកែងស្ថានីយរថភ្លើងក្រុងព្រះសីហនុ ដែលជាច្រកចូលក្រុងព្រះសីហនុដ៏សំខាន់មួយ កន្លងមកតែងតែមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ។
   

ឯកឧត្តម បានថ្លែងអំណគុណចំពោះសប្បុរសជន និងវិស័យឯកជនដែលបានចូលរួមជា មួយរដ្ឋបាលខេត្ត ក្នុងកាស្ថាបនាផ្លូវបេតុងមួយខ្សែនេះ រដ្ឋបាលខេត្តនឹងទទួលយកការចូលរួមរបស់វិស័យឯកជនក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដោយសារតែនាពេលបច្ចុប្បន្នខេត្តព្រះសីហនុកំពុងត្រូវបានកែលម្អ និងអភិវឌ្ឍន៍យ៉ាងគំហុក មានដូចជា អគាពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ យ៉ាងច្រើន ។ 
   

លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុមានប្រសាស ន៍ថា  ផ្លូវដីក្រហមលេខ ៨២៣ បែកចេញពីផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈតូតាល់ឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ តភ្ជាប់មកផ្លូវមិត្តភាព មុខសាលាក្រុងព្រះសីហនុ មានប្រវែង ១.៧២៥ម៉ែត្រ ផ្លូវនេះបានចាក់បេតុងបានប្រវែងជាង ៣០០ម៉ែត្ររួចហើយ និងបន្តស្ថាបនាបន្តនៅពេលខាងមុខបន្ថែមទៀត មានប្រវែង ១.៤១៤ម៉ែត្រ  ទទឹង ៨,២ម៉ែត្រ កម្រាស់ ០.២០ម៉ែត្រ ដោយប្រើឆ្អឹងដឹក ១០លី ពីរជាន់ ដើម្បីធានាដល់ការដឹកជញ្ជូន ។
 

តាមគម្រោងផ្លូវនេះគ្រោងចំណាយថវិកាចំនួនជាង ៤០ម៉ឺនដុល្លារអាម៉េរិក ជាអំណោយរបស់លោក គុយ ណាត សប្បុរសជនរស់នៅខេត្តព្រះសីហនុ ជូនជាចំណងដៃចំពោះឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ។

សូមរម្លឹកថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងមកនេះ ក្រុមហ៊ុនចិនបានជួយស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១.២០០ម៉េត្រ តភ្ជាប់ពីផ្លូវថេរវិថីសម្តេចហ៊ុន សែន សំដៅទៅតំបន់កោះព្រាប ៕

ដោយ ងូ សុមុនី