អភិបាលរងរាជធានីភ្នំពេញ៖ បងប្អូនដែលរងគ្រោះដោយគ្រឿងញៀនត្រូវខិតខំ ប្រឹងប្រែងបន្សាបគ្រឿងញៀនឱ្យបាន ដើម្បីទៅបម្រើផលប្រយោជន៍ឱ្យសង្គមជាតិ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨​ — លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បងប្អូនដែល រងគ្រោះដោយគ្រឿងញៀនទាំងអស់ ត្រូវខិតខំបន្ដប្រឹងប្រែងបន្សាបគ្រឿងញៀនឱ្យបាន ដើម្បី ទៅធ្វើការងារបម្រើផលប្រយោជន៍ឱ្យសង្គមជាតិរបស់យើងវិញ។

ការលើកឡើងបែបនេះរបស់ លោក នួន ផារ័ត្ន បានធ្វើឡើង កាលពីព្រឹកថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីបើកសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារមណ្ឌលសុខភាពឱកាសខ្ញុំ ចំនួន០១ខ្នង ១១បន្ទប់ ស្ថិតនៅមជ្ឈមណ្ឌលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន បានលើកឡើងថា ក្នុងរបបប៉ុលពត បានធ្វើឱ្យប្រទេស ជាតិធ្លាក់ដល់ចំណុចសូន្យ មិនមានអ្វីទាំង អស់ ក្នុងនោះធនធានមនុស្សក៏ត្រូវ សម្លាប់ចោលអស់ផងដែរ។ ក្រោយឆ្នាំ១៩៧៩ប្រទេសកម្ពុជាបានកសាង ប្រទេសឡើងវិញទាំងមិនមានអ្វីទាំងអស់។ ប៉ុន្តែក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ បាននាំឱ្យប្រទេសកម្ពុជាមាន ការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនៃការអភិវឌ្ឍនេះប្រទេសកម្ពុជា ក៏មានបញ្ហាប្រឈមមួយ ចំនួនផងដែរ ដូចជាបញ្ហាកកស្ទះចរាចរ និងបញ្ហាគ្រឿងញៀន ជាដើម។ បញ្ហាគ្រឿងញៀនវាបានធ្វើឱ្យស្រទាប់យុវជនរបស់យើង មួយចំនួនបានលង់ខ្លូន ជាអ្នកសេពគ្រឿងញៀន ដែលជាបញ្ហាប្រឈមមួយដែលសង្គមជាតិ របស់យើងត្រូវតែដោះស្រាយជាបន្ទាន់។
លោកអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា អ្នកញៀនគ្រឿងញៀនប្រៀបបាន នឹងច្រែះស៊ីដែកបាតកប៉ាល់ទឹកអីចឹងដែរ បើយើងមិនរកវិធីការពារទេ ច្រែះនោះនឹង ប្រាដកស៊ីដែកបាតកប៉ាលហើយ។ គ្រឿងញៀនក៏មិនខុសពីបញ្ហានេះដែរ បើយើងមិនរួមគ្នាដោះស្រាយទេ នោះសង្គមយើង នឹងមានបញ្ហាប្រឈមហើយ មិនអាចអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនបានទេ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី១០ ខែកញ្ញានេះ មានយុវជនបានប្រើប្រាស់គ្រឿងញៀន កំពុងធ្វើការបន្សាបនៅក្នុងមណ្ឌលសុខភាពឱកាសខ្ញុំមានចំនួន១៩៦៣នាក់ ក្នុងនោះមានស្រី ចំនួន១៣៣នាក់។ កន្លងមកនេះយើងបានព្យាបាលបន្សាប ដល់អ្នកញៀនគ្រឿងញៀនចំនួន៥៨៦៥នាក់ ក្នុងនោះមានស្រីចំនួន៣៦២នាក់ ដោយឱ្យពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ ជាមួយនិងសុខភាពល្អប្រសើរ ហើយបច្ចុប្បន្ននេះនៅក្នុង មជ្ឈមណ្ឌលឱកាសខ្ញុំមានអ្នកញៀនគ្រឿងញៀន កំពុងបន្សាបចំនួន១៩៦៣នាក់ ស្រី១៣៣នាក់ ដោយគិតត្រឹមថ្ងៃ១០ កញ្ញា២០១៨នេះ។

លោកស្រីបន្តថា ដោយការយកចិត្តទុកដាក់ គិតគូរខ្ពស់ ដល់បងប្អូនដែលកំពុង រងគ្រោះដោយការប្រើប្រាស់គ្រឿងញៀន និងដោយពិនិត្យឃើញថា មណ្ឌលសុខភាព ជាតម្រូវការចាំបាច់ ដែលអាចធានាដល់ការព្យាបាលប្រកបដោយគុណភាពខ្ពស់ ដល់ជនរងគ្រោះ ដែលកំពុងទទួលសេវាព្យាបាល និងស្ដារនីតិសម្បទានៅក្នុង មជ្ឈមណ្ឌលឱកាសខ្ញុំ រដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ការសាងសង់អគារ មណ្ឌលសុខភាពឱកាសខ្ញុំ ចំនួន០១ខ្នង ០១ជាន់ ចំនួន ១១បន្ទប់ ដោយចាប់ផ្តើមសាងសង់ កាលពីថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានស្ថាបនារួចរាល់នៅថ្ងៃ២៥ មករាឆ្នាំ២០១៨ និងបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ៕

ដោយ សួស សំរិត