ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យស្នងការនគរបាលរាជធានីភ្នំពេញត្រួតពិនិត្យ និងយកចិត្តទុកដាក់ការធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ ៖

រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបែបនេះ នៅក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលរាជធានីភ្នំពេញថ្មី នៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ កញ្ញា ២០១៨ ស្ថិតក្នុងអធិបតីភាព ឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវ៉ាតរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីនគរបាលក្រោមឱវ៉ាតស្នងការរដ្ឋាន នគរបាល និងកងរាជអាវុធហត្ថហត្ថរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ស្នងការដែលទើបតែងតាំងថ្មីត្រូវមើលបញ្ហាក្នុងការធ្វើសៀវភៅស្នាក់នៅ និងការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ក្នុងរាជធានីភ្នំពេញឲ្យបានលឿង ដើម្បីឲ្យប្រជាពល រដ្ឋ យកទៅប្រើប្រាស់បានទាន់ពេលវេលា ។

ម្យ៉ាងទៀត ការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាលក្នុងការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះ គឺស្របទៅនឹងអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិ បាល អាណត្តិទី៦ ដែលបានដាក់ចេញ ធ្វើយ៉ាងណាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋកុំឲ្យពួកគាត់មាន ការថ្លាំងថ្នាក់ ហើយចំពោះមន្រ្តីនគរបាលណា ដែលអសកម្មក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនឹងត្រូវ មានការព្រមានផងដែរ។

ឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត អគ្គ ស្នងការ រង នគរបាល ជាតិ និងជាអតីតស្នងការនគរបាល ខេត្តបាត់ដំបង ត្រូវបានប្រកាសតែងតាំងជាស្នងការ នគរបាល រាជធានីភ្នំពេញ ជំនួស នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរភារកិច្ច និងតែងតាំង ជាអនុប្រធាន អា ជ្ញាធរ ជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន មានឋានៈស្មើ រដ្ឋមន្ត្រី ជំនួស ឯកឧត្តម កៅ ខុនដារ៉ា ដែលត្រូវ ទទួល ភារកិច្ចថ្មី ជារដ្ឋលេខធិការក្រសួងមហាផ្ទៃ ៕