លោកជំទាវ ម៉ែន សំអន បន្ដគាំទ្រសកម្មភាពការងារសហព័ន្ធយុវជនចិន ដែលបង្កើនកិច្ចសហប្រតិបត្ដិការល្អជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបន្ដគាំទ្រចំពោះកិច្ច សហប្រតិបត្តិការល្អ ជាមួយសហព័ន្ធយុវជនទូទាំងប្រទេសចិន និងសហភាពសហព័ន្ធ យុវជនកម្ពុជាដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន មានទំនាក់ទំនងល្អតាម រយៈធ្វើ ការងារផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។

លោកជំទាវបានប្រកាសគាំទ្របែបនេះ ខណៈដែលលោកជំទាវទទួលជួប សម្ដែងការ គួរសម និងពិភាក្សាការងារជាមួយគណៈ ប្រតិភូសហព័ន្ធយុវជន ទូទាំងប្រទេសចិន ដែលដឹកនាំដោយ លោកហើ ជុនកិ (He Junke) នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន មានប្រវត្តិដ៏យូរលង់តាំងពីបុរាណកាលមក ជាពិសេស រវាងអតីតអ្នកដឹកនាំ នៃប្រទេសទាំងពីរ គឺសម្តេចនរោត្តម សីហនុ និងលោកប្រធាន ម៉ៅ សេទុង រួមទាំងបណ្តា‌ ថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសទាំងពីរ ក្នុងជំនាន់ក្រោយៗ ដែលបានបន្តថែរក្សាមរតកនេះ ហើយខិតខំពូនជ្រុំចំណងមហាមិត្តភាពកម្ពុជាចិន ឱ្យបន្តរីកចម្រើនឥត ឈប់ ឈរ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ និងបានឈានរហូតមកដល់សព្វថ្ងៃ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ប្រទេសទាំងពីរ(កម្ពុជា-ចិន) បានគាំទ្រគ្នាទៅវិញទៅមក ដោយជម្នះបានគ្រប់ឧបសគ្គដើម្បីសុខសន្តិភាព និងវិបុលភាព ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយគាំទ្រចិនតែមួយហើយកម្ពុជាសូមអបអរសាទរជាមួយនឹងការរីកលូតលាស់ឥតឈប់ឈរនៃសង្គមសេដ្ឋកិច្ច របស់ចិន ដែលបានក្លាយ ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក និងសូមសរសើរប្រទេសចិនដែលបាន ដើរតួនាទីយ៉ាងសំខាន់ជាក្បាល ម៉ាស៊ីនសេដ្ឋកិច្ច សម្រាប់អូសទាញសេដ្ឋកិច្ចពិភព លោកទាំងមូល និងជាតុល្យភាពអំណាចមួយដ៏រឹងមាំ ដើម្បីរក្សាសន្តិភាពក្នុងពិភពលោក។

លោកជំទាវបានបន្ដថា ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់ដ៏ធំធេងរបស់បក្សកុម្មុយនីស្តចិន ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភដល់កម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់ កាលដែលកម្ពុជាត្រូវការជំនួយដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ថាមពល ធារាសាស្ត្រ កសិកម្ម ពាណិជ្ជកម្ម និងសង្គមកិច្ចជាដើម៕

ដោយសួស សំរិត