ឯកឧត្ដម អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូ ទៅចូលរួមសម្ពោធព្រះវិហារអ៊ិស្លាម នៅខេត្តយ៉ាឡា ប្រទេសថៃ

AKP ខេត្តយ៉ាឡា ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានបង្ហាញ មោទនភាពចំពោះវឌ្ឍនភាពជាវិជ្ជមានរបស់កម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោលនយោបាយដឹកនាំសុខដុមបនីយកម្ម ជាគោលការណ៍រួមមួយនៃ យុទ្ធសាស្រ្តឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាព សេរីភាព និងគ្មានជម្លោះសាសនា ឬជម្លោះជាតិសាស្ត្រអ្វីឡើយ។

ការថ្លែងបែបនេះ ក្នុងឱកាសដែល ឯកឧត្ដម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូចំនួន២៧រូប ទៅចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារ អ៊ិស្លាម១ខ្នង នៅខេត្តយ៉ាឡា ប្រទេសថៃ បានប្រព្រឹត្ដទៅកាលពីថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម Wan Mohamad Noor Matha អតីតប្រធានរដ្ឋសភាថៃ ក៏មានការអញ្ជើញចូលរួមផងដែរពី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីមកពីក្រសួងមួយចំនួនក្នុងប្រទេសថៃ។

តាមរបាយការណ៍ឱ្យដឹងពី ឯកឧត្តម Wan Mohamad Noor Matha ឱ្យដឹងថា ព្រះវិហារដែលសម្ពោធនាពេលនេះ មានទំហំ១៨ម៉ែត្រ គុណ ២៦ម៉ែត្រ រួមជាមួយនឹងអគារសិក្សាមួយខ្នង ការិយាល័យរដ្ឋបាល ១ខ្នង ដែលសរុប សមិទ្ធផលទាំងអស់ មានតម្លៃ ១៥លានបាត ជាបដិភាគរបស់ប្រជាជនថៃក្នុងភូមិ Pambala និង សប្បុរសធម៌ក្នុងស្រុក ជាមួយនឹងបដិភាគនៃមូលនិធិ Matha Foundation របស់លោកប្រធានគណៈ អធិបតី ៤.៦លានបាតផងដែរ។

ឯកឧត្តម Wan Mohamad Noor Matha ក្នុងនាមម្ចាស់ផ្ទះបានកោតសរសើរ និងស្វាគមន៍ដល់ការអញ្ជើញរបស់គណៈប្រតិភូកម្ពុជា និងបានកោតសរសើរពីការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា៕

ដោយ សួស សំរិត