ខេត្តកំពតប្រារព្ធខួបលើកទី១៩នៃទិវាអន្តរជាតិ សម្រាប់យុវជន១២ សីហា ឆ្នាំ២០១៨

AKP កំពត ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨​​ — លោក ស៊ឹម វុទ្ធា អភិបាលរងខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១៩ នៃទិវាអន្តរជាតិ សម្រាប់យុវជន១២សីហាឆ្នាំ២០១៨ក្រោមប្រធានបទបរិយាកាសប្រកប ដោយសុវត្ថិភាព សម្រាប់យុវជន” និង “សុខភាពផ្លូវភេទសុខភាពបន្តពូជ សម្រាប់យុវជន”។ ពិធីនេះធ្វើនៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨។

លោក ស៊ឹម វុទ្ធា បានមានប្រសាសន៍ចាត់ទុកទិវាអន្តរជាតិ សម្រាប់យុវជន១២សីហា នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីឆន្ទៈ ការប្ដេជ្ញាចិត្ត និងការយកចិត្តទុកដាក់ របស់រាជ រដ្ឋាភិបាល និងសង្គមជាតិទាំងមូលចំពោះសិទ្ធិ ផលប្រយោជន៍ និងបំណងប្រាថ្នារបស់ យុវជន។ លោកអភិបាលរងខេត្តបានបន្តថា ការរៀបចំទិវាអន្តរជាតិសម្រាប់យុវជន១២ សីហានេះ គឺសំដៅឱ្យសង្គមសហប្រជាជាតិទាំងមូលបង្កើនការគិតគូរយកចិត្តទុកដាក់ ដល់ យុវជនតាមបណ្ដាប្រទេសនីមួយៗ អង្គការជាតិ អន្តរជាតិទូទាំងពិភពលោក ចាប់អារម្មណ៍ និងយកចិត្តទុកដាក់គិតគូរដល់ការអភិវឌ្ឍន៍យុវជន។ ទន្ទឹមនេះ ការលើកយកនូវប្រធានបទនា ពេលនេះឡើងគឺដើម្បីជំរុញដល់យុវជនទាំងអស់ផ្ដោតការយកចិត្តទុកដាក់ រិះរកគ្រប់មធ្យោ បាយជាយន្តការគន្លឹះសម្រាប់កសាងមូលដ្ឋានគ្រឹះនៃវប្បធម៌សន្តិភាព តាមរយៈយោគយល់ អធ្យាស្រ័យ គ្មានអំពើហឹង្សាផ្ដើមចេញពីការតាំងចិត្ត និងការទទួលខុសត្រូវរាល់ទង្វើដែលខ្លួន​បានធ្វើចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ និងសង្គមជាតិ។

លោកបានបន្ថែមថា ការបង្ហាញអំពីសកម្មភាពសំខាន់ៗនេះគឺពិតជាសូចនាករមួយ ឈានទៅសម្រេចបាននូវការកសាងសន្តិភាពយ៉ាងពេញលេញ មិនត្រឹមតែសម្រាប់បុគ្គល គ្រួសារ និងសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់មនុស្សជាតិក្នុងពិភពលោកទាំងមូល តែម្ដង៕

ដោយ ប្រាក់ លាង