អភិបាលខេត្តកែប ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ៣៣A ដែលជំនាញកំពុងចាក់កៅស៊ូAC​ ប្រវែង៧៥០ម៉ែត្រ

AKP កែប ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ​​– ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានចុះពិនិត្យការចាក់កៅស៊ូAC ផ្លូវលេខ៣៣A ដែលមានប្រវែង៧៥០ម៉ែត្រ ត្រង់ចំណុចភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដែលជាចំណុចនៅសេសសល់ ក្នុងចំណោមផ្លូវប្រវែងសរុប ៧.៨០០ម៉ែត្រ។ ការចុះពិនិត្យនេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ ។

លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឱ្យដឹងថា ចំណុចផ្លូវលេខ៣៣A ដែលជំនាញបាននិងកំពុងអនុវត្តយ៉ាងសស្រាក់ សស្រាំនេះគឺនៅសេស សល់មានប្រវែង៧៥០ម៉ែត្រ​ ហើយផ្លូវនេះផ្នែកជំនាញនឹងខិតខំស្ថាបនាទៅតាមបទដ្ឋាន បច្ចេកទេសប្រកបដោយភាពរឹងមាំតាមស្តង់ដារកំណត់។

ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានគូសបញ្ជាក់ថា ចំណុចផ្លូវនេះ នឹងស្ថាបនា ឱ្យបានរួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០១៨នេះ ដូចអ្វីដែលអាជ្ញាធរខេត្ដ បានគ្រោងទុក។ ឯកឧត្តមបានបន្ថែមទៀតថា ផ្លូវលេខ៣៣A ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជ រដ្ឋាភិបាលនេះ ត្រូវបានស្ថាបនាយ៉ាងល្អឥតខ្ចោះ មានទទឹងធំទូលាយ មានសួនចំកណ្តាល តាក់តែងលម្អដោយផ្កាចម្រុះពណ៌ បំពាក់ដោយបង្គោលភ្លើងប្រើថាមពលព្រះអាទិត្យ និងមាន ប្រវែងសរុប ៧.៨០០ម៉ែត្រ តភ្ជាប់ពីផ្សារសេះស​រហូតដល់រង្វង់មូលផ្សារក្តាម។ ឯកឧត្តម បានបន្ដទៀតថា សម្រាប់ផ្លូវលេខ៣៣A នេះ គឺចាត់ទុកជាសមិទ្ធផលថ្មី សម្រាប់ជាចំណង ដៃសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកែប នឹងរង់ចាំធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ ពេលខាងមុខនេះ។

សូមបញ្ជាក់ថា ផ្លូវលេខ៣៣A ដែលតភ្ជាប់ពីទីប្រជុំជនសេះស ឆ្ពោះទៅកាន់មាត់ឆ្នេរហែលទឹក គឺមានប្រវែងសរុប ៧.៨០០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលសម្ដេចបានផ្តល់ជូនទុកជាចំណងដៃ សម្រាប់ប្រជាពលរដ្ឋក្នុង ខេត្តកែប ក៏ដូចជា មហាជនគ្រប់ស្រទាប់បានធ្វើដំណើរទៅមក ប្រកបដោយភាពងាយស្រួល ដែលកន្លងផ្នែកជំនាញបានស្ថាបនារួចរាល់ប្រវែង ៧.០៥០ម៉ែត្រ ហើយនោះ៕

ដោយ ប្រាក់ លាង