អាជ្ញាធរដីធ្លីខេត្តបន្ទាយមានជ័យជំរុញការផ្សព្វផ្សាយកំណត់តំបន់ធ្វើការវិនិច្ឆ័យ​សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ

AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — អាជ្ញាធររដ្ឋបាលដីធ្លីខេត្តបន្ទាយមានជ័យបាននឹងកំពុងបន្តការខិតខំប្រឹងប្រែងជំរុញ​ការចុះផ្សព្វផ្សាយកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូន​ដល់ប្រជាពលរដ្ឋម្ចាស់ដីឱ្យបានយល់ដឹងចូលរួមសហការជាមួយក្រុមចុះបញ្ជីដីធ្លីប្រកបដោយតម្លាភាពនិងមានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំ​ផ្ស​ព្វផ្សាយ​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណៈ​ជា​ប្រព័ន្ធ​ស្ថិតក្នុងភូមិរ​ង្វាង​កើត​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​​កាលពីព្រឹកថ្ងៃអង្គារ ២កើត ខែ​​ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​១១ ខែកញ្ញា ​ឆ្នាំ២០១៨​នេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍​អរគុណ​ប្រជា​​ពល​​រដ្ឋ​ដែល​បាន​ចូលរួម​ស្វែងយល់​អំពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណៈ​ជា​ប្រព័ន្ធ​​​​​​នេះ​ដើម្បីជួយជំរុញដល់ការ​​​ងារនេះ អនុវត្តន៍ទៅ មាន ភាព សុ​ក្រឹត្យ ទាំង​ការងារ​បច្ចេកទេស និង​ផ្លូវច្បាប់​ត្រឹមត្រូវ ក៏ដូចជា​ការរួមចំ ណែកនូវ​សុ​វត្ថិភាព នៃ​ការកាន់កាប់​ដីធ្លី កាត់បន្ថយ​ទំនាស់​និង​ជំរុញ​ឱ្យ​មាន​ទីផ្សារ​ដីធ្លី​ប្រកប ដោយប្រសិទ្ធភាព​ខ្ពស់​កាត់បន្ថយ​ភាពក្រីក្រ ​ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិ​បាល​ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​អាណ​ត្តិ​ទី​៦​នេះ​។

លោក លី សារី ក៏បាន​រម្លឹក​​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ស្តាប់​នាពេលនេះ​និង យក​ការយល់ដឹង​ទាំងនេះ​ទៅ​ផ្សព្វផ្សាយបន្ត​ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ​របស់ខ្លួន ឱ្យបាន​ជ្រួតជ្រាប និង សហការ​ជាមួយ​ក្រុម​ចុះបញ្ជី​ដីធ្លី​ដែល នឹង​ចុះ​អនុវត្ត​ន៍នាពេល​ខាងមុខនេះ​ឱ្យ​ទទួលបានជោគជ័យនោះ។

​ លោក រ៉ូ បូរ៉ា អនុប្រធាន​មន្ទីររៀបចំដែនដីនគរូបនីកម្ម​ ​សំណង់និងសុរិយោដី​​ខេត្ត​បន្ទាយមានជ័យបាន​ឱ្យដឹងថា​នីតិ​វិធី​នៃ​​​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មាន​៥​ដំណាក់កាល​ទី​១-​ត្រៀមរៀបចំ​គឺជា​ការកំណត់​តំប​ន់​ធ្វើការវិនិច្ឆ័យ បង្កើត​គណៈកម្មការ​រ​ដ្ឋ​បាល​ជូនដំណឹង ប្រជុំ​ផ្សព្វផ្សាយ​និង​ដំណើរការ​ផ្សព្វផ្សាយ​ពី​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។ ទី​២-​ប្រតិ​បត្តិ​ការ​បច្ចេកទេស​គឺជា​ការ​ចុះ​កំណត់ព្រំ វាស់វែង​និង​វិនិច្ឆ័យ​ដើម្បី​កសាង​ប្លង់​និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។ ទី​៣-​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​(​ប្លង់​សុរិយោដី​និង​បញ្ជី​ឈ្មោះ​ម្ចាស់​)​មាន​រយៈពេល​១៥​ថ្ងៃ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ម្ចាស់​ដី​និង​អ្នកពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាលដី​របស់ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា ក្នុងករណី​មានការ​ខុសឆ្គង​។ ផុត​រយៈពេល​កំណត់​នៃ​ការបិទ​ផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ​មិនអាច​ជំទាស់​តវ៉ា​បានឡើយ​។ ទី​៤-​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ របាយការណ៍​ពី​លទ្ធផល​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្ម​ការ​រដ្ឋបាល​ជូន​អភិបាលខេត្ត​ដើម្បី​ពិនិត្យ​និង សម្រេច​លើ​ការផ្តល់​សិទ្ធិ​ចំពោះ​ក្បាលដី​ណា​ដែល​មិនមាន​ទំនាស់​។ ទី​៥-​ចុះបញ្ជី​ចេញ​ប័ណ្ណ​និង​ជូន​ម្ចាស់​ដី​។

របាយការណ៍មន្ទីររៀបចំដែនដីនគរូនីយកម្មសំណង់និងសុរិយោដីខេត្តបានបង្ហាញឱ្យ​ដឹងថាការចុះបញ្ជី​ដីធ្លី មាន​លក្ខណ​:​ជា​ប្រព័ន្ធ នៅ​ខេត្តបន្ទាយមានជ័យ បានដំណើរការ​តាំងពី​ឆ្នាំ ២០១២ ​ហើយ​មកទល់ពេលនេះ ធ្វើបាន ​ប្រមាណជិត៨ម៉ឺន ប័ណ្ណជូនដល់ប្រជាពលរដ្ឋ ​៕

ដោយ ឈុន សារ៉ាត