សម្តេចនាយករដ្ឋមន្រ្តី កម្ពុជាទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហាន់ ជឹង ឧបនាយករដ្ឋមន្រ្តីចិន

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយលោកជៀង យ៉ារ៉េត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី១១ ខែកញ្ញានេះបានទួលជួបជាមួយឯកឧត្តម ហាន់ ជឹង (​Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន សមាជិក​ការិយា​នយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ។

នៅក្នុងជំនូបដែលបានធ្វើឡើងនៅទីក្រុងក្វាងស៊ី ខេត្តណាននីង ប្រទេសចិន ឯកឧត្តម ហាន់ ជឹង (​Han Zheng) ឧបនាយករដ្ឋមន្រ្តីចិនបានមានប្រសាសន៏ស្វាគមន៏សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានអញ្ជើញមកកាន់ទីក្រុងណាននីងដើម្បីអញ្ជើញចូលរួមពិព័ណ៌អាស៊ាន ចិន ដែលកម្ពុជាជាប្រទេសកិត្តិយស។ ឯកឧត្តម ហាន់ ជឹង (​Han Zheng) ឧបនាយករដ្ឋមន្រ្តីចិនក៏បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុកសម្តេចតេជោពីប្រធានាធិបតីចិនផងដែរ។

ឯកឧត្តម ហាន់ ជឹង (​Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន បានគូសបញ្ជាក់ថា មិត្តភាពរវាងកម្ពុជានិង​ចិនមានយូរ​លង់​ណាស់មកហើយ ឯកឧត្តមបានបន្តថា ប្រទេសយើងទាំងពីរបានខិតខំពង្រឹងទំនាក់ទំនង​​គ្រប់ជ្រុងជ្រោយនេះ​កាន់តែមានការរីកចំរើន។ ជាមួយគ្នានេះឯកឧត្តម ហាន់ ជឹង (​Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន បានមាន​ប្រសាសន៏​អបអរសាទរសម្តេចតេជោដែលបានជាប់ឆ្នោតបន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។

ឯកឧត្តម ហាន់ ជឹង (​Han Zheng) ឧបនាយករដ្ឋមន្រ្តីចិនបានមានប្រសាសន៏ថា ក្នុងចំណោមមេដឹកនាំអាស៊ាន​​ទាំងអស់មានតែសម្តេចតេជោទេដែលជាមេដឹកនាំដែលបានចូលរួមកម្មវិធីពិព័ណ៌អាស៊ាន ចិនបាន​​ច្រើន​ជាងគេ​បំផុត បានរហូតដល់១១ដងមកហើយ។

ក្នុងឪកាសនេះឯកឧត្តម ហាន់ ជឹង (​Han Zheng) ឧបនាយករដ្ឋមន្រ្តីចិនបានបញ្ជាក់ថា ប្រទេសកម្ពុជានិងចិន​ជាមិត្តដែកថែបដ៏រឹងមាំ ហើយប្រទេសកម្ពុជានិងចិនជាប្រទេសរឹងមាំកិច្ចសហប្រតិបត្តិការ។ ឯកឧត្តម ហាន់ ជឹង (​Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន បានអោយដឹងថា នៅខែមេសាឆ្នាំក្រោយនេះនៅទីក្រុងប៉េកាំង ប្រទេស​ចិននឹងមានកម្មវិធីមួយទាក់ទងនឹងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលពេល​នោះនឹងអញ្ជើញ​សម្តេច​តេជោទៅចូលរួម។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ប្រទេសចិនដែលបាន៦ផ្តល់កិត្តិយសដល់​ប្រទេសកម្ពុជានៅក្នុងពិធីដ៏មានអត្ថន័យនៅទីក្រុងណានីងនេះ។

សម្តេចក៏ក៏បានថ្លែងអំណរគុណផងដែរដល់ប្រធានាធិបតីចិនផងដែរដែលបានផ្តាំផ្ញើសាកសួរសុខទុកនិងបានអបអរសាទរចំពោះសម្តេចដែលបានបន្តដឹកនាំប្រទេសកម្ពុជា។  ក្នុងឪកាសនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ជំរាបជូនខាងភាគីចិនអំពីសភាពការនៅក្នុងប្រទេសកម្ពុជា និងបានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានចូលរួមផ្តល់ជំនួយកន្លងមក​ដើម្បីចូលរួមអភិវឌ្ឍន៏​ប្រទេសកម្ពុជា។ សម្តេចតេជោក៏បានមានប្រសាសន៏ថាកម្ពុជាបច្ចុប្បន្នមានការរីកចំរើន ម៉ាក្រូសេដ្ឋកិច្ច​មានការ​លូតលាស់។ សម្តេចតេជោក៏បានស្នើសុំអោយប្រទេសចិនបើកចំហរទីផ្សាកសិកម្ម ដើម្បីនាំកសិផលកម្ពុជា​មកកាន់ប្រទេសចិន ជាពិសេសបន្ថែមកូតានាំចូលកសិផលពីកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះសម្តេចតេជោក៏បានជំរុញអោយអ្នកវិនិយោគចិនបន្ថែមការវិនិយោគនៅប្រទេសកម្ពុជា ចំណែក​ឯក្រុមហ៊ុនដែលមិនទាន់បានវិនិយោគសូមសិក្សា និងពិនិត្យមើលឪកាសវិនិយោគនៅកម្ពុជា។

ព្រមជាមួយគ្នានេះសម្តេចតេជោរំពឹងថា ភ្ញៀវទេសចរណ៏ចិននឹងមានការកើនឡើងកាន់តែច្រើនបន្ថែមទៀត។

 បន្ទាប់ពីនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបន្តអនុញ្ញាតអោយក្រុមហ៊ុនធំៗចំនួន៦របស់ប្រទេសចិនបាន​ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ដែលក្រុមហ៊ុនទាំងនេះស្ថិតក្នុងសហព័ន្ធសភាពាណិជ្ជកម្មចិន ដែលក្នុងនោះក្រុមហ៊ុនភាគច្រើនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាបានជាង១០ឆ្នាំ ដែលបានវិនិយោគលើ​វិស័យកសិកម្ម ថាមពល នឹងខ្លះជាក្រុមហ៊ុនដែលចង់វិនិយោគដើម្បីជំរុញការនាំចេញវិស័យកសិកម្ម ។

ក្នុងឪកាសនេះមានក្រុមហ៊ុន១ចង់វិនិយោគអភិវឌ្ឍន៏ព្រលានយន្តហោះនៅខេត្តសៀមរាប ។ ក្រុមហ៊ុនទាំង៦នេះស្ថិតក្នុងសហព័ន្ធសភាពាណិជ្ជកម្មចិនបានជំរាបជូនសម្តេចតេជោអំពីការងាររបស់ក្រុមហ៊ុននីមួយៗនៅក្នងប្រទេសកម្ពុជា និងបានស្នើសុំសម្តេចតេជោអោយបន្តគាំទ្រចំពោះក្រុមហ៊ុនទាំងនេះបន្តទៀត។

ក្នុងឪកាសនេះក្រុមហ៊ុនចំនួន១ក្នុងចំណោម៦នេះដែលមិនទាន់បាន៦វិនិយោគនៅប្រទេសកម្ពុជាបានបញ្ជាក់ជំរាប​សម្តេចតេជោថា ចាប់អារម្មណ៏ចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយសារមើលឃើញអំពីសក្តា​នុពលរបស់​ប្រទេស​កម្ពុជា។

ជាការឆ្លើយតបសម្តេចតេជោបានមានប្រសាសន៏សូមអោយក្រុមហ៊ុនដែលបានវិនិយោគរួចហើយនៅប្រទេសកម្ពុជាសូមបន្តការវិនិយោគ ហើយរាជរដ្ឋាភិបាលគឺតែងតែគាំទ្រ មិនថាអ្នកវនិយោគណានោះទេ អោយតែវិនិយោគនៅ​ប្រទេសកម្ពុជា​គឺត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល៕