ក្រសួងសុខាភិបាលបង្កើនការព្យាបាលអ្នកជំងឺប្រកបដោយគុណធម៌និងសមធម៌

វិទ្យុជាតិកម្ពុជាអត្ថបទ៖ លោកហុក សុខរិន

ភ្នំពេញ៖ ក្រសួងសុខាភិបាលបង្កើនការព្យាបាលអ្នកជំងឺប្រកបដោយគុណធម៌និងសមធម៌ ដើម្បីធានាការព្យាបាលជូនដល់ប្រជាពលរដ្ឋមានប្រសិទ្ធិភាពឆាប់ជាសះស្បឿយ។

លោកស្រីវេជ្ជបណ្ឌិតចក ធីតា អនុប្រធានមន្ទីរពេទ្យ មិត្តភាពខ្មែររុស្ស៊ីបានអោយដឹងថា ក្រសួងសុខាភិបាលបានផ្តោតការព្យាបាលអ្នកជំងឺជា៣ប្រភេទ គឺការបង់លុយ មូលនិធិសមធម៌ និងរបបបេឡាជាតិសន្តិសុខសង្គម។

 លោកស្រីបញ្ជាក់ថា ទោះបីការព្យាបាលអ្នកជំងឺក្រីក្រដោយមិនបង់ប្រាក់តាមរយៈមូលនិធិសមធម៌ឬរបបបេឡាជាតិសន្តិសុខសង្គមក៏ដោយ ក៏ការព្យាបាលធានាគុណភាពដូចអ្នកបង់លុយដែរ ពោលគឺគ្មានការរើសអើងអ្វីឡើយ។

 

 អ្នកស្រីទិត្យ សុខី ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់នៅរាជធានីភ្នំពេញបានឲ្យដឹងថា ការមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋបច្ចុប្បន្ននេះគឺមានភាពងាយស្រួល ហើយមិន អស់លុយកាកថែមទៀតផងបន្ទាប់ពីមានបណ្ណបេឡាជាតិរបបសន្តិសុខសង្គមឬបសសមក នោះ។អ្នកស្រីបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅដូចអ្នកជម្ងឺដ៏ទៃទៀតដែលបង់លុយផ្ទាល់។

 

អ្នកស្រីបានបញ្ជាក់ថា ការព្យាបាលដោយយកចិត្តទុកដាក់និងមិនអស់កម្រៃសេវានេះ បានជួយសម្រាល ការលំបាកជូនដល់ប្រជាពលរដ្ឋក្រីក្របានច្រើនក្នុងបន្ទុកជីវភាព។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌ សុខាភិបាល ក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៦ដល់២០២១ ដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្រីក្រអោយមានប្រសិទ្ធិភាព និងស្មើភាពដូចនឹងប្រជាពលរដ្ឋដទៃទៀតដែលមានជីវភាពធូធារ៕