គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ខេត្តចំនួន ៧ នឹងប្រឈមនឹងជំនន់ទឹកភ្លៀងជាថ្មីម្តងទៀតនៅសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — តាមប្រភពព័ត៌មានពីគណៈកម្មាធិការជាតិគ្រប់​គ្រង​គ្រោះមហន្តរាយ ដែលបានដក ស្រង់ពីក្រសួងធនធានទឹក និងឧតុនិយមបានឱ្យបង្ហាញថា ខេត្តចំនួន៧ នឹងប្រឈមនឹង ទឹកជំនន់ទឹកភ្លៀងជាថ្មីម្តងទៀតនៅសប្តាហ៍នេះ។ ខេត្តទាំងនោះរួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងនឹង ជួបប្រទះនឹងជំនន់ទឹកភ្លៀង។ ទាក់ទងនឹងស្ថានភាពទឹកជំនន់ទន្លេមេគង្គ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក៏បានបង្ហាញដែរថា កម្រិតទឹកទន្លេមេគង្គក្រោមស្ពានអ្នកលឿង កំពុងបន្តកើនឡើង។ ការប្រែប្រួលនៃកម្ពស់ទឹកទន្លេមេគង្គនេះ អាជ្ញាធរខេត្តព្រៃវែង បានក៏បានចុះទៅណែនាំប្រជាពលរដ្ឋ ឱ្យបន្តការប្រុងប្រយ័ត្នអំពីការកត់សម្គាល់ ស្ថានភាពទឹក ជំនន់ទន្លេមេគង្គកើនឡើងជិតដល់កម្រិតគ្រោះថ្នាក់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានឱ្យដឹងថា ករណីគ្រោះទឹកជំនន់នៅកម្ពុជា បានចាប់ផ្តើមតាំងពីក្រោយចូលឆ្នាំខ្មែរមក រហូតដល់ជិតយុទ្ធនាការបោះឆ្នោត ក៏កើតមាននូវជំនន់ទឹកភ្លៀងប៉ែកខាងលិចប្រទេសដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តកំពង់ស្ពឺជាដើម។

ឯកឧត្តមបន្តថា ខេត្តតាមមាត់សមុទ្រមានខេត្តព្រះសីហនុ កោះកុង និងខេត្តកំពតក៏ រងនូវផលប៉ះពាល់ពីទឹកជំនន់ផងដែរ។ ៨ខែ ដើមឆ្នាំ២០១៨នេះ គ្រោះទឹកជំនន់ បានធ្វើឱ្យប៉ះពាល់ដល់ ២២ រាជធានី ខេត្ត ប្រជាជនរង គ្រោះមានចំនួន ១២១ពាន់ ៧២០គ្រួសារ ស្មើនឹងមនុស្សចំនួន ៥២៧ពាន់ ៤៨៩នាក់ ប្រជាជន ជម្លៀសចំនួន ១១ពាន់ ២៤៦គ្រួសារ ស្មើនឹងមនុស្សចំនួន ៥០ពាន់ ៦០៧នាក់ និងមានអ្នក ស្លាប់ចំនួន ៤៤នាក់។ ដោយឡែកដំណាំស្រូវប៉ះពាល់ប្រមាណ ៨២ពាន់ ២៤១ហិកតា ខូចខាតប្រមាណ ៣៧ពាន់ ៤៤៩ហិកតា ប៉ះពាល់ដំណាំរួមផ្សំ ១០ពាន់ ១៣៩ហិកតា ខូចខាត ប្រមាណ ៥ពាន់ ៦១០ហិកតា និងផ្លូវលំជនបទលិចទឹកប្រមាណ ១ពាន់ ៣១៧ គ.ម ទាមទារឱ្យយើងជំរុញការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅក្រោយទឹកជំនន់ ដែលនឹងត្រូវចំណាយថវិកាច្រើន។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានវាយតម្លៃថា គ្រោះមហន្តរាយឆ្នាំ នេះបានកើតឡើងខុសប្លែកពីឆ្នាំមុនៗបន្តិច សំខាន់គឺបញ្ហាធម្មជាតិដែលមានខ្យល់ កន្ត្រាក់រហូតដល់ ១៦៦លើក សម្លាប់មនុស្សចំនួន ៦នាក់ និងរន្ទះបាញ់បានសម្លាប់ មនុស្សចំនួន ៨៨នាក់ ពោលគឺករណីនៃគ្រោះធម្មជាតិទាំងពីរនេះ បានសម្លាប់ ប្រជាជនកម្ពុជាជិត ១០០នាក់ ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០១៨នេះ។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកញ្ញានេះ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ បើពុំមានព្យុះ ឬសម្ពាធផ្សេងៗកើតឡើងទេនោះ មានន័យថា យើង​ទទួលបានសុវត្ថិភាព។ ផ្ទុយទៅវិញប្រសិនបើមានព្យុះ ឬសម្ពាធផ្សេងៗកើតឡើងនោះទឹកអាចឡើងម្តងទៀត ដែលទាមទារឱ្យយើងទាំងអស់គ្នា ត្រូវតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់​គ្រងគ្រោះមហន្តរាយ ដែល បានដកស្រងពីមន្ត្រីជាន់ខ្ពស់គ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញថា បច្ចុប្បន្នទឹកជំនន់ទន្លេ មេគង្គ ដែលបានហក់ឡើងបង្កការជន់លិចរយៈពេល ២-៣សប្តាហ៍កន្លងមកនេះ បណ្តាល ឱ្យមនុស្សយ៉ាងហោចណាស់១៥នាក់បានលង់ទឹកស្លាប់ និងផលដំណាំដីស្រែប្រមាណ ២៨.៥៤២ហិកតា ត្រូវជន់លិចនៅតាមបណ្តាខេត្តជាប់ដងទន្លេមេគង្គ៕

ដោយ ប៉ាល់ សុង