រាជធានី-ខេត្តចំនួន៩បន្តរងការគំរាមកំហែងដោយជំនន់ទន្លេមេគង្គ

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រីឌីណេ

ភ្នំពេញ៖ មន្រ្តីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអោយដឹងថា បញ្ហាទឹកជំនន់ទន្លេមេគង្គបន្តគំរាមកំហែងនៅក្នុងរាជធានីខេត្តចំនួន៩ ហើយអាច        បណ្តាល​ឲ្យប៉ះពាល់ដល់ជីវភាពរស់នៅនិងផលដំណាំរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម កែវ វី អ្នកនាំពាក្យ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា រយៈពេលជាង១ខែចុងក្រោយនេះ ជំនន់ទឹកទន្លេមេគង្គបានធ្វើអោយប៉ះពាល់ខេត្តក្រុងចំនួន៩ ក្នុងនោះមានដូចជា ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្តាល តាកែវ កំពង់ឆ្នាំង នឹងរាជធានីភ្នំពេញ។

ឯកឧត្តម បានអោយដឹងទៀតថា ខេត្តរាជធានីចំនួន៩ ដែលរងផលប៉ៈពាល់ដោយទឹកជំនន់ទន្លេមេគង្គនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាង១០ម៉ឺនគ្រួសាររងផលប៉ៈពាល់ ក្នុងនោះប្រជាពលរដ្ឋជាង៩៤០០គ្រួសារបានជម្លៀសទៅទីទួលសុវត្ថិភាព។

 

លោកបញ្ជាក់ថា ជំនន់ទឹកទន្លេមេគង្គនេះ ក៏បានធ្វើអោយប្រជាពលរដ្ឋចំនួន៣៧នាក់បានស្លាប់ ក្នុងនោះមានខេត្តកំពង់ចាមស្លាប់១៦នាក់ ខេត្តព្រៃវែង១៣នាក់ ស្ទឹងត្រែង៤នាក់ ក្រចេះ៣នាក់ ខេត្តត្បូងឃ្មុំចំនួន១នាក់។ បន្ថែមពីនេះទៀតខូចខាតដំណាំស្រូវជាង២ម៉ឺនហិកតា នឹងដំណាំរួមផ្សំជាង៣ពាន់ហិកតា។

 

សម្លេង៖« គ្រោះថ្នាក់ធម្មជាតិ យើងដឹងហើយថានៅស្រុកខ្មែរយើងងាយទទួលរង នូវការឡើងចុះចាប់តាំងពីខែ៦ទឹកចាប់ផ្តើមឡើង រហូតដល់ភ្ជុំបិណ្ឌហើយបានទឹកវាស្រកអានឹងការជន់ឡើងនៃទឹកទន្លេមេគង្គ អានឹងជារបកទឹកទន្លេ ហៅថាការឡើងតាមរដូវកាល ហើយក្រៅពីនឹងទៀត គឺកើតឡើងដោយសារជំនន់ទឹកភ្លៀង ដែលកំរិតទឹកភ្លៀងនៅតាមស្ទឹងតាមបណ្តាលខេត្តនីមួយៗហើយដែលនៅតាមបណ្តាលខេត្តខ្លះភ្លៀងធ្លាក់លើសពី៥០ទៅ២០០មីលីម៉ែតអីនឹងធ្វើអោយមានជំនន់ទឹកភ្ញៀវ ពេលខ្លះវាកើតខ្លាំងនៅក្នុងខេត្តកក្កដាទៅ កាលណាវាកើតខ្លាំងទៅ ធ្វើអោយមានការលិចលង់ស្លាប់ លិចភូមិដ្ឋានប្រជាពលរដ្ឋ ប៉ុន្តែជំនន់ទឹកភ្ញៀវនេះវាគ្រោះថ្នាក់ខ្លាំងតែ វានឹងឆាប់បាត់ទៅវិញដែល»

 មន្រ្តីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាបានអៈអាងថា ក្នុងរយៈពេលជាង១ខែដែល ប្រជាពលរដ្ឋកម្ពុជាជាង១០ម៉ឺនគ្រួសាររងផលប៉ៈពាល់នេះ រាជរដ្ឋាភិបាលក្រុមការងារចុះជួយ មូលដ្ឋាន និងកាកបាទក្រហមកម្ពុជា បានចុះចែកជំនួយមនុស្សធម៌មានស្បៀងអាហារនិងសំភារៈប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលទុក្ខលំបាក​​ជូនប្រជាពលរដ្ឋរងគ្រោះទំាងនោះបានមួយកម្រិតនៅក្នុងជីវភាពប្រចាំថ្ងៃ៕