កំណើនផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននិងកំពុងបន្តកើនឡើងជាបន្តបន្ទាប់

AKP ភ្នំពេញ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ — ២០១៨កំណើនផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននិងកំពុងបន្តកើនឡើងជាបន្តបន្ទាប់ ដើម្បីបំពេញ ទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ស្របពេលដែលជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែ​មានភាពល្អប្រសើរ។ សព្វថ្ងៃនេះ ផ្សារទំនើបក្នុងរាជធានីភ្នំពេញ ទាំងផ្សារទំនើបអន្តរជាតិ និងផ្សារទំនើបក្នុងស្រុក បានបន្តមានវត្តមានជាបន្តបន្ទាប់ ដោយក្នុងនោះ ផ្សារទំនើបអ៊ីអន២ សែនសុខ និងផ្សារម៉ាក្រូ កំពុងទាក់ទាញបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ មហាជន។

ដើម្បីចូលរួមបំពេញបាននូវតម្រូវការទីផ្សារបន្ថែមនោះ ផ្សារទំនើបអន្តរជាតិថ្មីមួយ ទៀត ក៏បានមានវត្តមានហើយនៅផ្លូវ២០០៤ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលផ្តល់ជូន ឱ្យអតិថិជននូវ ទីតាំងដ៏ល្អប្លែកបន្ថែម ដូចជាហាងលក់ទំនិញគ្រប់ប្រភេទ កន្លែងញុំអាហារ ភេសជ្ជៈ កន្លែងកម្សាន្ត ហាងលក់សម្លៀកបំពាក់ល្បីៗ រោងភាពយន្តខ្នាតធំ និងអគារការិយា ល័យជួល ជាដើម។

លោកស្រី លីន យិនជុន អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Kao Cheng International Enterprise Co.​, Ltd បានបញ្ជាក់ថា ការបង្ហាញវត្តមានផ្សារទំនើប កម្ពស់៣ជាន់ MidTown ក្នុងខណ្ឌដង្កោនេះ នឹងអាចចូលរួមឆ្លើយតបទៅនឹងកំណើនតម្រូវការ របស់ប្រជាពលរដ្ឋរស់​នៅក្នុងរាជធានីភ្នំពេញ។ លោកស្រីបន្តថា បច្ចុប្បន្ន ខណ្ឌដង្កោ កំពុងក្លាយទៅជាគោលដៅថ្មី នៃការវិនិយោគ ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ទៅលើវិស័យសំណង់ខុនដូ បុរី និងផ្សារទំនើបជាដើម។

គួរបញ្ជាក់ថា ផ្សារទំនើប MiDTOWN MALL​ ស្ថិតនៅតាមដងផ្លូវ ២០០៤​ គឺក្រោម ការវិនិយោគពីក្រុមហ៊ុនតៃវ៉ាន់ Kao Cheng International Enterprise Co. , Ltd. ក្នុងទំហំ ផ្ទៃដី ៨.៨៨១ ម៉ែត្រការ៉េ ដែលនឹងចាប់ផ្តើមដំណើរការ ជាផ្លូវការ នៅខែធ្នូ ឆ្នាំ ២០១៨​ នេះ ៕

ដោយ ម៉ៅ ចរិយា