ក្រុមជម្រើសជាតិកម្ពុជា ចាញ់ក្រុមម៉ាឡេស៊ី ១-៣នៅក្នុងជំនួបមិត្តភាពអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុម ជម្រើសជាតិម៉ាឡេស៊ី នៅក្នុងលទ្ធ ផល១-៣ នៅក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។

ក្រុមជម្រើសជាតិកម្ពុជាបានបើកការនាំមុខលើក្រុមភ្ញៀវ១គ្រាប់មុន នៅនាទី១៨ ដែល ធ្វើសម្រេច​ដោយ កីឡាករ សឿយ វិសាល ក្រោយពេលទទួលបាល់តែតបញ្ជូនបានយ៉ាងល្អ ពីកីឡាករ ប៊ិន ចន្ថាធារី ដែលការនាំមុខបណ្តោះអាសន្ន ១ទល់០នេះ រក្សាបានរហូតដល់ បញ្ចប់នៅវគ្គទី១។ ប៉ុន្តែដល់វគ្គទី២ ក្រុមម៉ាឡេស៊ី តាមបាន១គ្រាប់ស្មើគ្នាវិញ នៅនាទី៦១ ហើយកីឡាករម៉ាឡេស៊ីធ្វើសម្រេចបាន២គ្រាប់បន្ថែម នៅនាទី៧៥ និងនាទី៩០ បូកម៉ោង បន្ថែម៤នាទី។ ក្នុងការប្រកួតនៅវគ្គទី២នេះដែរ កីឡាករកម្ពុជាមានឱកាសស៊ុត និងតែតចំ គោលដៅជាច្រើនគ្រាប់ ប៉ុន្តែត្រូវបានជួយសង្រ្គោះដោយអ្នកចាំទីរបស់ក្រុម ម៉ាឡេស៊ីបាន យ៉ាងល្អ។ នេះជាការប្រកួតចាញ់លើកទី១របស់ក្រុមកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ជនជាតិ ជប៉ុន Keisuke HONDA។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត លោក Kiesuke Honda និយាយថា លោកពេញចិត្តនឹងទម្រង់លេងកូនក្រុមរបស់ខ្លួន បើទោះបីមិនអាចដណ្តើមបានជ័យជម្នះ ក្នុងការប្រកួតនេះក៏ដោយ ហើយរាល់ការចាញ់តែងតែមានហេតុផលថា ហេតុអ្វីបានជាយើង ចាញ់។ លោកបានបន្ថែមថា “ខ្ញុំចូលចិត្តបរិយាកាសបែបនេះ ក្នុងនាមខ្ញុំជាអ្នកចាត់ការទូទៅ ខ្ញុំពិតជាចូលចិត្តកីឡាករកម្ពុជា។ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តជាងគេ គឺកីឡាករទាំងអស់ ចង់ជោគ ជ័យក្នុងអាជីពរបស់ពួកគាត់ ហើយខ្ញុំចង់គាំទ្រ និងជំរុញពួកគាត់ឱ្យសម្រេចគោលដៅ ជោគ ជ័យក្នុងអាជីពដូចគ្នា។” លោកបានបន្ថែមថា “ទោះបីយើងចាញ់ ប៉ុន្តែបើអ្នកទាំងអស់គ្នាមើល ទៅ៣០នាទីដំបូង ពិតជាអស្ចារ្យនូវការលេងរបស់គាត់ ហើយកីឡាករម្នាក់ៗបានព្យាយាម បង្ហាញទៅតាមអ្វីដែលខ្ញុំបានបង្ហាត់ ១សប្ដាហ៍កន្លងទៅ”។

ចំណែកឯលោក Tan Cheng Hoe គ្រូ​បង្វឹក​របស់​ក្រុម​ម៉ាឡេស៊ី​​បាន​សរសើរ​ទម្រង់​លេង​របស់​កម្ពុជា​​លេង​ល្អ​។ ​លោកអះអាងថា ពួក​គេ​នឹង​ពិបាក​លេង​តទល់​​​ជា​មួយ​កម្ពុជា​​​ ក្នុងការ​ប្រកួត Suzuki Cup 2018 ខាង​មុខ​នេះ​ ដោយ​សារ​ទម្រង់​លេង​ថ្មី​របស់​ Honda។ ដោយ​ឡែក​សម្រាប់​ទម្រង់​លេង​របស់​កម្ពុជា​ លោក​មើល​ឃើញ​ថា​ល្អ ​ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ ដែល​កីឡាករ​កម្ពុជា​មិន​ទាន់​ធ្វើ​តាម​​ការ​ចង់​បាន​ទាំង​ស្រុ​ង​របស់​គ្រូ​បង្វឹក​។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់កម្ពុជានឹងត្រូវបន្តប្រកួតមិត្តភាពអន្តរជាតិចំនួន២ប្រកួត ផ្សេងទៀតនៅទឹកដី របស់ខ្លួនជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងជា មួយក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០១៨​ខាងមុខ៕

ដោយ ហេង ណាលីន