អគ្គនាយកដ្ឋានពន្ធដារអះអាងថា ចំណូលពន្ធបន្តកើនឡើងទោះបីកម្ពុជាទើបបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ទើបចប់ថ្មីៗនេះក្ដី

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — ថ្វីត្បិតតែកម្ពុជាទើបរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ទើបចប់ យ៉ាងណាក្ដី ក្នុងខែសីហាកន្លងទៅថ្មីនេះ ចំណូលពន្ធបានកើនឡើងចំនួន៧៤.២៧ ប៊ីលាន រៀលស្មើនឹង ១៤.៤៧ភាគរយ បើប្រៀបធៀបទៅនឹងចំណូលខែសីហា ឆ្នាំ២០១៧។ នេះបើ តាមការបញ្ជាក់របស់ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា កាលពីថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាជាតិពន្ធដារ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងខែសីហា ឆ្នាំ២០១៨ នេះ លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់ អគ្គនាយកដ្ឋានពន្ធដារ មានចំនួន៥៨៧.៦៣ប៊ីលានរៀល (ប្រមាណជា ១៤៦.៩១ លាន ដុល្លារអាម៉េរិក) ស្មើនឹង ៧.៦៤ភាគរយ នៃផែនការច្បាប់ឆ្នាំ២០១៨។ ឯកឧត្តមបាន បន្ដថា ប្រសិនបើប្រៀបធៀបទៅនឹងចំណូលខែសីហា ឆ្នាំ២០១៧ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទក្នុងខែសីហា ឆ្នាំ២០១៨ កើនឡើងចំនួន ៧៤.២៧ ប៊ីលានរៀល (ប្រមាណ ១៨,៥៧ លានដុល្លារអាម៉េរិក) កំណើនស្មើនឹង ១៤,៤៧ភាគរយ។

ជាមួយគ្នានេះ បើគិតសរុបក្នុងរយៈពេល ០៨ ខែ ដើមឆ្នាំ២០១៨ នេះ អគ្គនាយក ដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបាន ចំនួន ៦.០១៣,២០ ប៊ីលានរៀល (ប្រមាណជា ១. ៥០៣,២៩ លានដុល្លារអាម៉េរិក) ស្មើនឹង ៧៨.១៥ភាគរយ នៃផែនការច្បាប់កំណត់។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធអនឡាញ) ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨ កើនឡើង ចំនួន ៦៧១.៨៩ ប៊ីលានរៀល (ប្រមាណ ១៦៨ លានដុល្លារអាម៉េរិក) កំណើនស្មើនឹង ១២.៥៨ភាគរយ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹង ការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ច សហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញ នូវវិធានការមួយចំនួនដូចជា បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតសម្រាប់ឆ្នាំចុង ក្រោយនេះ នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៤-២០១៨ ការរៀបចំកែសម្រួលយន្តការបង្វិលសងអាករលើតម្លៃបន្ថែមឱ្យបានកាន់តែប្រសើរ ឡើង សម្រាប់ក្រុមហ៊ុននានា និងបេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និង ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ព្រមទាំងគិតគូរដល់ការបង្វិល សងអាកររបស់ភ្ញៀវទេសចរផងដែរ។

លើសពីនេះទៀត វិធានការបន្ទាប់គឺ សហការជាមួយ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ដើម្បី រៀបចំយុទ្ធសាស្ត្រកែទម្រង់ពន្ធដារ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំ យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៩-២០២៣ និងការ លើកទឹកចិត្តពន្ធចំពោះវិស័យធុរកិច្ចមួយចំនួន។

ក្រៅពីនេះ មន្ត្រីពន្ធដារត្រូវបន្តពង្រឹងការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន​សហគ្រាសឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយក្នុងនោះក៏ត្រូវពង្រឹងតាមដានសហគ្រាស ទាំងឡាយដែលប្រើប្រាស់រូបភាពមានអ្នកឈរឈ្មោះជំនួស ព្រមទាំងបន្តការងារជំរុញការចុះ បញ្ជីពន្ធដារចំពោះសហគ្រាសដែលមិនទាន់បានចុះបញ្ជីនៅតាមបណ្តាខេត្ត-ខណ្ឌទាំងអស់។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារក៏បានជំរុញឱ្យមន្ត្រីពន្ធដារបន្តពង្រឹងចាត់វិធានការចំពោះការគេចវេះពន្ធគ្រប់រូបភាព ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបន្ថែម សម្រាប់ជាមូលដ្ឋានក្នុង ការកំណត់ពន្ធ ចំពោះក្រុមហ៊ុនដែលប្រកាសបង់ពន្ធមិនស្មោះត្រង់ ឬគេចវេះពន្ធតាមគ្រប់ រូបភាព។ ឯកឧត្តមបានជំរុញដល់មន្រ្ដីពន្ធដារគ្រប់លំដាប់ថ្នាក់បន្ដអនុវត្តន៍ឱ្យកាន់តែស៊ីជម្រៅ ថែមទៀតនូវកំណែទម្រង់សំខាន់ៗដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការផ្តល់សេវា សាធារណៈជូនអ្នកជាប់ពន្ធ ជាពិសេសកំណែទម្រង់សំខាន់ៗ ដើម្បីបង្កើតនប្រសិទ្ធភាព នៃ ការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ឱ្យកាន់តែមានគុណភាពខ្ពស់ រហ័ស ងាយស្រួលធ្វើ យ៉ាងណា ឱ្យរដ្ឋបាលសារពើពន្ធក្លាយជាស្ថាប័នទទួលបាននូវជំនឿទុកចិត្តខ្ពស់ពីសាធារណ ជនគ្រប់មជ្ឈដ្ឋាន៕

ដោយ គង់ សិរីរ័ត្ន