សម្តេចតេជោ ស្នើដល់ភាគីចិនជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា ដើម្បីជំរុញអ្នកវិនិយោគិនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត

វិទ្យុជាតិកម្ពុជ៖ អត្ថបទដោយលោកស្រីផន វាសនា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗនៃប្រទេសចិនដែលបានមកវិនិយោគនៅកម្ពុជាចំនួន៦។  

  ក្នុងកិច្ចសន្ទនានោះ លោក ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ក៏ដូចជាប្រជាជនចិន បានចាត់ទុក សម្តេចតេជោ គឺជាមិត្តចាស់និងជាមិត្តដ៏ល្អទុកចិត្តបានរបស់ប្រទេស និងប្រជាជនចិន។ សម្តេចតេជោ គឺជាមេដឹកនាំអាស៊ានមួយរូប ដែលមានវត្តមានអញ្ជើញ ចូលរួមពិព័រណ៌ចិន-អាស៊ាន និងវេទិកាធុរកិច្ចចិន-អាស៊ាន ច្រើនជាងគេនៅទីក្រុងណាននីង។                         សម្តេចតេជោ ស្វាគមន៍ចំពោះកិច្ចសន្ទនាតុមូលជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជំរុញការវិនិយោគពីប្រទេសចិនមកកាន់កម្ពុជា។ជាមួយគ្នានេះ សម្តេចតេជោ បានស្នើសុំអោយភាគីចិនជួយផ្សព្វផ្សាយអំពីសក្តានុពលនិងកាលានុវត្តភាពវិនិយោគដែលមាននៅកម្ពុជា និងជួយជំរុញឲ្យវិនិយោគិនដទៃៗទៀតមកវិនិយោគនៅប្រទេសកម្ពុជា។សម្តេចតេជោ បញ្ជាក់ថាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ គឺកម្ពុជាមានស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ គឺប្រមាណ ៧,៦% ហើយរំពឹងថាកំណើតសេដ្ឋកិច្ចនឹងខ្ពស់ជាង ៧% នៅឆ្នាំ ២០១៨ នេះ។ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៦ នៃរដ្ឋសភា កម្ពុជានៅតែបន្តធានាឲ្យបាននូវស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរសម្រាប់វិនិយោគិនបរទេស ជាពិសេស វិនិយោគិនពីប្រទេសចិន។ ដោយឡែក ការវិនិយោគពីប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើងពីប្រមាណ ៩០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៦ ដល់ ១,៦ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ ២០១៧ និងក្នុង    រយៈពេល ៧ ខែដើមឆ្នាំ ២០១៨ នេះបានកើនដល់ ២,៨ ប៊ីលានដុល្លារអាមេរិក។ អ្នកទេសចរចិនមកទស្សនាកម្ពុជាវិញ បានកើនឡើងដល់ ១,៣ លាននាក់ ហើយមានក្រុមហ៊ុនអាកាសចរណ៏ចិនចំនួន ១៦ ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរត្រង់ពីចិនមកកម្ពុជា។ លើសពីនេះទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៏រវាងប្រទេសទាំងពីរ ក្រុមហ៊ុនអាកាសចរណ៍ AirChina នឹងបើកជើងហោះហើរត្រង់ពីប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយចាប់ផ្តើមនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។           សម្តេចតេជោ បញ្ជាក់ថា កម្ពុជាមានសក្តានុពលវិនិយោគធំៗ លើវិស័យអាទិភាព ដូចជាវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ឧស្សាហកម្ម, ឧស្សាហកម្មនាំចេញ រ៉ែ និងថាមពល,ទេសចរណ៍ និងវិស័យហិរញ្ញវត្ថុជាដើម។ វិស័យអាទិភាព និងប្រកបដោយសក្តានុពលទាំងនេះ នៅមិនទាន់មានការអភិវឌ្ឍ ពេញលេញនៅឡើយ ដោយរង់ចាំការវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិន និងសហគ្រិនពីប្រទេសចិន៕