ឯកឧត្តម គួច ចំរើន អំពាវនាវរកដៃគូរ សម្រាប់ធ្វើការវិនិយោគ ពង្រីកវិស័យទេសចរណ៏បន្ថែម ដើម្បីទាក់ទាញភ្ញៀវទាំងក្នុង និងក្រៅប្រទេស

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈ ប្រតិភូទីក្រុងសេនយ៉ា ខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១១ខែកញ្ញានេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបាន អះអាងថា ខេត្តកំពង់ចាម គឺជាខេត្តដែលមានសក្តានុពលខាងផ្នែកកសិកម្ម ឧស្សាហកម្ម ដែលអ្នកវិនិយោគ មកបង្កើតរោងចក្រជាច្រើន ប៉ុន្តែចំណែកផ្នែកទេសចរណ៍កំពុងតែត្រូវការដៃគូរសម្រាប់ធ្វើការវិនិយោគ ដើម្បីពង្រីកវិស័យនេះឲ្យកាន់តែរីកចម្រើន និងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនឡើងថែមទៀត ។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជំនួបនេះ ក្នុងគោលបំណង អញ្ជើញ អភិបាលខេត្តកំពង់ចាម ទៅទស្សនកិច្ច និងចូលរួមកិច្ចប្រជុំគណៈកម្មការអនុតំបន់ទន្លេមេគង្គ ឡានឆាង នៅទីក្រុងសេនយ៉ា ព្រោះឆ្នាំនេះទីក្រុងសេនយ៉ា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំនេះ ដោយមានប្រទេស ដែលរស់នៅតាមបណ្ដោយទន្លេមេគង្គជាច្រើនចូលរួម ។

លោក សៀវ គាន់ តំណាងគណៈ ប្រតិភូទីក្រុងសេនយ៉ា ខេត្តហាយណាន បានបញ្ជាក់ថា កិច្ចប្រជុំនោះ ក្នុង១ប្រទេសមានទីក្រុងចំនួនបីដែលត្រូវអញ្ជើញ ដោយឡែកសម្រាប់ប្រទេសកម្ពុជា រូបលោកនឹងអញ្ជើញអភិបាលរាជធានីភ្នំពេញ អភិបាលខេត្តសៀមរាប និងខេត្តកំពង់ចាម ហើយសង្ឃឹមថា អភិបាលខេត្តកំពង់ចាម នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះនៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៨នេះជាមិនខាន ។

ឆ្លើយតបតាមសំណូមពរ និងការអញ្ជើញរបស់រដ្ឋបាលទីក្រុង សេនយ៉ា ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានសន្យាថានឹងអញ្ជើញចូលរួមប្រសិនបើមិនមានការងារមមាញឹកនៅក្នងប្រទេសនោះ ព្រមទាំងមានបំណង ជួបសម្តែងការគួរសមជាមួយ អភិបាលខេត្ត ហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមជាខេត្តសម្ព័ន្ធភាពផងដែរ ៕