ក្រសួងទេសចរណ៍ត្រៀមរៀបចំបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងបង្ហាញពីសក្តានុពលទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត ១១ ខែកញ្ញា ឆ្នាំ ២០១៨

ភ្នំពេញ៖ក្រសួងទេសចរណ៍ត្រៀមរៀបចំបុណ្យទន្លេ២០១៩នៅខេត្តកំពង់ឆ្នាំងដើម្បីបង្ហាញពីសក្តានុពល​ទេសចរណ៍​នៅខេត្តកំពង់ឆ្នាំង និង តាមដងទន្លេនៃប្រទេសកម្ពុជា។

           លោក ជុក ជំនោ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍បានប្រាប់​អ្នកសាព័ត៌​មាន​ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះថា  មន្ត្រីជំនាញក្រសួងទេសចរណ៍បានចុះទៅសិក្សា និងបើកកិច្ចប្រជុំជាមួយ​មន្ត្រីសាលាខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់ដើម្បីរៀបចំកម្មវិធីមួយចំនួនក្នុងការរៀបចំបុណ្យទន្លេនេះ។

លោកបន្តថា ឯកឧត្តមថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំក្រុមការងារក្រសួងទៅបើកិច្ចប្រជុំសម្រេច​ផែនការ​ចុងក្រោយនៃការរៀបចំដំណើរការបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងនាពេលឆាប់ៗខាងមុខ។

លោកជុកជំនោបញ្ជាក់ថា ក្រសួងទេសចរណ៍ទទួលបានបទពិសោធន៍ជោគជ័យពីការរៀបចំបុណ្យទន្លេលើក ទី៤នៅខេត្តកណ្តាលកន្លងមក ដូចជាការពង្រឹងសន្តិសុខល្អ ការរៀបចំព្រឹត្តិការកីឡាលើទឹក ការតាំងពិព័ណ៌  ផលិតផល​ខ្មែរ និងការថែរក្សាបរិស្ថានជាដើម។

លោកសង្ឃឹមថា  បុណ្យទន្លេ មិនត្រឹមតែជួយទាក់ទាញទេសចរប៉ុណ្ណោះទេ តែក៏បានជួយផ្សព្វផ្សាយផលិតផល កសិផល និងវប្បធម៌ខ្មែរផងដែរ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានមានមានប្រសាសន៍ថា ក្រុមការងារជំនាញ​បានរៀប​ចំកែលំអហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តដូចជាផ្លូវថ្នល់ ច្រំាងទន្លេ សួនច្បារ សម្រេចបាន៦០ភាគរយ ហើយ​គ្រោង​នឹងបញ្ចប់នៅបំណាច់ឆ្នាំ២០១៨ ខាងមុខនេះ។

អាជ្ញាធរខេត្តកំពង់ឆ្នាំងមិនត្រឹមតែរៀបចំសោភ័ណភាពទីក្រុង អោយកាន់តែស្រស់ស្អាតប៉ុណ្ណោះទេ  ។ ប៉ុន្តែថែមទំាងសម្រិតសម្រាំងកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជាការ រៀបតាំងផលិតផលធ្វើអំពីបំពង់ឬស្សី ស្លឹកត្នោត ការប្រគំតន្ត្រី ការសម្តែងទស្សនីយភាព សិល្ប:បុរាណសម័យដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្មវិធីបុណ្យនេះឲ្យបាន១លាននាក់។

សូមបញ្ជាក់ថា បុណ្យទន្លេឆ្នាំ២០១៨នៅក្រុងតាខ្មៅខេត្តកណ្តាលទទួលបានអ្នកចូល  ទស្សនាជាង១លាននាក់៕