សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននឹងអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ នៅទីក្រុងហាណូយ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ស្តីពីអាស៊ាន ក្រោមប្រធានបទ«អាស៊ាន៤.០: សហគ្រិនភាព និងបដិវត្តឧស្សាហកម្មលើកទី៤» ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

តាមសេចក្តីប្រកាសព័ត៌មានរបស់ នាយកដ្ឋានព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអោយដឹងថាការអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ នៅទីក្រុងហាណូយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននេះគឺធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្ដមង្វៀន សួនហ្វ៊ុក(Nguyen Xuan Phuc)នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអមដំណើរដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងសមាជិករាជរដ្ឋាភិបាលដទៃទៀត ព្រមទាំងធុរជនពីសភាពាណិជ្ជកម្មកម្ពុជា។

វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ នឹងជាឱកាសដ៏ល្អមួយទៀត សម្រាប់មេដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ និងសាជីវកម្មធំៗ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបណ្តាលមកពីបដិវត្តឧស្សាហកម្មជំនាន់ទីបួន ដល់រដ្ឋាភិបាលអាស៊ាន និងអង្គភាពពាណិជ្ជកម្មនានា ព្រមទាំងរិះរកមធ្យោបាយដើម្បីប្រើប្រាស់នវានុវត្តន៍ និងការសហការរវាងរដ្ឋនិងឯកជន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនោះ។

ក្រៅពីកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម រ៉ានីល វីកក្រេមមេស៊ីង្ហ នាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កា ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាមឯកឧត្តម ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន និងទទួលការចូលជួបសម្តែងការគួរសមដោយសាស្ត្រាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕