សង្កាត់ដង្កោ ចុះជួយបូមទឹកជូនប្រជាពលរដ្ឋ លិចលង់ដោយជំនន់ទឹកភ្លៀងក្នុងសហគមន៏បឹងតាមម៉ាត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ួង វុធ៖

ក្រុមប្រឹក្សា អាជ្ញាធរសង្កាត់ដង្កោ បានចុះជួយបូមទឹកជូនប្រជាពលរដ្ឋ រងគ្រោះ លិចលង់លំនៅដ្ឋានប្រមាណជិត៩០ គ្រួសារ រស់នៅសហគមន៏បឹងតាមម៉ាត ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ឲ្យរួចផុតពីការជន់លិច ដោយជំនន់ទឹកភ្លៀង។

លោក ស្រីសឿង សេរី ចៅសង្កាត់ដង្កោ បានលើកឡើងថា ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលរងគ្រោះលិចលង់លំនៅដ្ឋានដោយជំនន់ទឹកភ្លៀង និងដោយមានការសុំណូមពរពីបងប្អូនរស់នៅក្នុងសហគមន៏ឲ្យជួយបន្ថែមទៀតនោះ ក្រុមប្រឹក្សាសង្កាត់ បានដាក់ម៉ាស៊ីនបូមទឹក ១គ្រឿង ទំហំ៣តឹក ប្រចាំការ ដើម្បី ត្រៀមបូមរំដោះទឹកចេញ ពីផ្ទះសំបែងជូនបងប្អូន នៅពេលមានភ្លៀងធ្លាក់ ជាប់ជាប្រចាំ។

លោក ស្រីចៅសង្កាត់បន្តថា ការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នៅជុំវិញសហគមន៏បឹងតាម៉ាតនេះ ដោយសារមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានគេចាក់ដីលប់បំពេញ គួបផ្សំនិងប្រព័ន្ធលូមានទំហំតូច និងចាស់ទ្រុឌទ្រោមទៀតនោះ ទើបបណ្តាលឲ្យមានការលិចលង់បែបនេះ។

លោក ស្រីបានឲ្យដឹងទៀតថា សហគមន៏បឹងតាមម៉ាតនេះ ពីដើមឡើយគឺជារណ្តៅនៅពេលមានភ្លៀងធ្លាក់ ទឹកដែលហូរចេញពីភូមិនៅជំវិញ តែងតែហូរទំលាក់ចូលក្នុងបឹងនេះទាំងអស់។ ប៉ុន្តែសព្វថ្ងៃ បឹងនេះ គឺក្លាយជាកន្លែងចំណតក្រុមហ៊ុនស៊ីនទ្រី ត្រូវបានចាក់ដីលប់បំពេញ ធ្វើឲ្យអ្នកស្រុកដែលរស់នៅជុំវិញមានការលិចលង់ នៅពេលមានភ្លៀងធ្លាក់ ដោយសារគ្មានកន្លែងស្តុបទឹកដូចពីមុនទើបបានដូច្នេះ។

លោក ស្រី ចៅសង្កាត់ បានទៀតបញ្ជាក់ថា ការដាក់ម៉ាស៊ីន ត្រៀមចាំបូមរំដោះជំនន់ទឹកភ្លៀង លិចលង់ ចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ នៅសហគមន៏បឹងតាម៉ាតនេះ អភិបាលខណ្ឌបានជួយផ្តល់ប្រេង និងណែនាំឲ្យសង្កាត់ ធ្វើយ៉ាងណាមានអ្នកប្រចាំការ នៅពេលមានភ្លៀង ត្រូវចាប់ផ្តើមបូមទឹករំដោះចេញ បញ្ជៀសការលិចលង់ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេល។ លោក ស្រីថា បឹងតាម៉ាតកន្លែងចំណតក្រុមហ៊ុនស៊ីនទ្រីនេះ នៅពេលចាក់ដីលប់បំពេញរៀបរយ រួចរាល់ អាជ្ញាធរ និងផ្នែកពាក់ព័ន្ធនឹង រៀបរយចំធ្វើប្រព័ន្ធលូតភ្ជាប់ចេញទៅបឹងទំពន់ ដើម្បី បង្កើតប្រព័ន្ធបង្ហូររំដោះទឹកចេញការលិចលង់ជូនបងប្អូន៕