ក្រសួងអភិវឌ្ឍន៍ជនបទកំណត់ថានៅឆ្នាំ២០២៣ ​ប្រជាពលរដ្ឋនៅទូទាំងប្រទេស​៩០ភាគរយ នឹងទទួលបានទឹកស្អាតប្រើប្រាស់

វិទ្យុជាតិកម្ពុជា៖ លោកជួន​ បូណា​

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អះអាងថា នៅឆ្នាំ២០២៣ខាងមុខ​ ប្រជាពលរដ្ឋ ទូទាំងប្រទេសនឹងទទួលបានទឹកស្អាតប្រើប្រាស់ និងការលើកកម្ពស់បញ្ហាសុខភាព-អនាម័យកាន់​តែប្រសើររហូតដល់ ៩០ភាគរយ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រឲ្យមក        នូវកម្រិតទាប។

នៅក្នុងសិក្ខាសាលារៀបចំផែនការថ្នាក់ជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទជំហ៊ានទី២ សម្រាប់ឆ្នាំ២០១៩ – ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ  ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ មានប្រសាសន៍ថា​ ក្រសួងអភិវឌ្ឍន៍ជនបទមានផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត​ និងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ២០១៩ – ២០២៣ ព្រម​ទាំងមានការចូលរួមពីបណ្តារដៃគូអភិវឌ្ឍន៍នានា និងអង្គការក្រៅរដ្ឋាភិបាលជាដើម។

ឯកឧត្តមបន្ថែមថា ប្រជាពលរដ្ឋកម្ពុជានៅតាមតំបន់ជនបទ ចាប់ផ្តើមយល់ដឹងពីបញ្ហាទឹកស្អាត អនាម័យច្រើន​ ដោយសារតែ​មន្រ្ដីជំនាញ​បានចុះអប់រំ​ ផ្សព្វផ្សាយ​ ដល់ប្រជាពលរដ្ឋអំពីបញ្ហាទឹកស្អាត អនាម័យកាន់តែទូលំទូលាយ។ ជាក់ស្តែងការយល់ដឹងនេះ នឹងបាន ​រួមចំណែក​​​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យមកកម្រិតទាប។

សូមបញ្ជាក់ថា តាមផែនការកំណត់ត្រឹមឆ្នាំ២០២៥​ ប្រជាពលរដ្ឋទាំងប្រទេសនឹងមានទឹកស្អាត ប្រើប្រាស់១០០ភាគរយ ខណៈ​ដែលឆ្នាំ២០១៨នេះ ស្ថានភាពការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់សុខភាព-អនាម័យកម្ពុជាសម្រេចបានជាង ៦០ភាគរយហើយ៕