ប៉ូលីសអេហ្ស៊ីបសម្លាប់ពួកភេរវជន១១នាក់នៅស៊ីណៃ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — ប្រភពសន្តិសុខមួយបានប្រាប់ទីភ្នាក់ព័ត៌មានចិនស៊ីនហួថា ប៉ូលីសអាហ្ស៊ីបបានសម្លាប់ពួកភេរវជន យ៉ាងហោចណាស់១១នាក់ កាលពីថ្ងៃចន្ទនេះក្នុងអំឡុងការបាញ់គ្នាមួយ ក្នុងទីក្រុងអារីស នៃខេត្តស៊ីណៃខាងជើង ដែលមានភាពច្របូកច្របល់នៅភាគឦសានរដ្ឋធានីគែរ ។

ប្រភពនោះបានពន្យល់ថា ប៉ូលីសបានវាយឆ្មក់ស្ថានីយប្រេង ដែលគេបោះបង់ចោលមួយនៅ ក្នុងស្រុក Gesr el Wadi នៃទីក្រុងអារីសជាកន្លែងដែលពួកសកម្មប្រយុទ្ធលាក់ខ្លួន ហើយការបាញ់គ្នាបាន កើតឡើង ។ ប្រភពនោះបាននិយាយបន្ថែមថា ពួកភេរវជនមានផែនការធ្វើការវាយប្រហារទៅលើកងទ័ព ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ MENA រាយការណ៍ថា ពួកសកម្មប្រយុទ្ធនេះមានរួមទាំងមេដឹកនាំភេរវ កម្មប្រកបដោយគ្រោះថ្នាក់បំផុត២នាក់ផង គឺ ម៉ូហាម៉េដ សាហ៊ីន និងហ្គោម៉ាអាម៉ាស៊ូដ ។ ប្រភពនោះបាននិយាយថា បន្ទាប់ពីទទួលការឱ្យការណ៍មួយកងទ័ពបានសម្រុកចូលទៅកន្លែងនោះ នៅមុនពួកសកម្មប្រយុទ្ធនោះចាប់ផ្តើមបាញ់ប្រហារ ។

ប៉ូលីសរឹបអូសយកបានកាំភ្លើងយន្ត៥ដើម,កាំភ្លើងគ្រាប់ប្រាយ២ដើម, គ្រាប់បែក២គ្រាប់ ព្រមទាំង គ្រាប់រំសេវដែលជាសម្បតិ្តរបស់ពួកទាំងនោះ ។ ដោយមានព្រំដែនជាប់អ៊ីស្រាអែល និងហ្គាហ្សាស្ទ្រីបនោះ ខេត្តស៊ីណៃខាងជើងបានទៅជា មជ្ឈមណ្ឌលនៃការវាយប្រហារភេរវកម្ម ដែលបានសម្លាប់ប៉ូលិស និងទាហានរាប់រយនាក់ ក៏ដូចជាពួកជន ស៊ីវិល បន្ទាប់ពីយោធាទម្លាក់អតីតប្រធានាធិបតី លោក ម៉ូហាម៉េដ ម័រស៊ី ក្នុងខែកក្កដា ឆ្នាំ ២០១៣ ក្នុងការ ឆ្លើយតបទៅនឹងការតវ៉ាដ៏ធំ ។
ភាគច្រើនៃប្រតិបត្តិការភេរវកម្ម ត្រូវបានធ្វើឡើងដោយ Wilayat Sinai សាខារដ្ឋអ៊ីស្លាមក្នុងប្រទេស អេហ្ស៊ីប ។
កាលពីក្នុងខែកុម្ភៈ ប្រទេសអេហ្ស៊ីប បានចាប់ផ្តើមធ្វើយុទ្ធនាការប្រឆាំងភេរវកម្ម « Sinai 2018 » យ៉ាងទូលំទូលាយដែលបានសម្លាប់ពួកសកម្មប្រយុទ្ធជាង ៣៣០នាក់ នឹងទាហានជាង៣០នាក់ រហូតមកដល់ពេលនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )