ប្រមុខកងទ័ពប៉ាគីស្ថានយល់ព្រមលើការកាត់ទោសប្រហារជីវិត ពួកសកម្មប្រយុទ្ធសំខាន់១៣នាក់

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — សេចក្តីថ្លែងការណ៍យោធាមួយបាននិយាយថា ប្រមុខកងទ័ពប៉ាគីស្ថានឧត្តមសេនីយ៍ កាម៉ារ ចាវេដ បាជវ៉ា ( Qamar Javed Bajwa ) បានបញ្ជាក់អះអាងពីថ្ងៃចន្ទ ពីការកាត់ទោសប្រហារជីវិតពួកភេរវជនក្បាលរឹង១៣នាក់ ចំពោះការចូលរួមរបស់ពួកគេនៅក្នុងទោសកម្មដ៏សាហាវយង់ឃ្នងដែលទាក់ទងដល់អំពើភេរវកម្មនៅក្នុងប្រទេសនេះ ។

ការិយាល័យទំនាក់ទំនងសាធារណអន្តរសេវា ជាសំឡេងកងទ័ពប៉ាគីស្ថានបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ទណ្ឌិត៧នាក់ក៏ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយនាយសេនាធិការកងទ័ពនេះផងដែរ ។

ពួកសកម្មប្រយុទ្ធនេះបានចូលរួមនៅក្នុងការវាយប្រហារកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបណ្តាទីភ្នាក់ងារពង្រឹងច្បាប់ដទៃទៀតរបស់ប្រទេស ​ព្រមទាំងនៅតែចូលរួមក្នុងការបំផ្លិចបំផ្លាញស្ថាប័នអប់រំ ហើយនឹងសម្លាប់ពួកជនស៊ីវិលស្លូតត្រង់ដដែល ។

ជាសរុបពួកគេបានចូលរួមនៅក្នុងការសម្លាប់មនុស្ស២០២នាក់ ដែលរួមមានជនស៊ីវិល ១៥១នាក់, កងកម្លាំងប្រដាប់អាវុធ, កងកម្លាំងប៉ូលីសព្រំដែន , ពួកមន្ត្រីប៉ូលីស ៥២១នាក់ នឹងធ្វើឱ្យរបួស ២៤៩នាក់ទៀត ។

យោធាបាននិយាយថា ទណ្ឌិតទាំងនេះ បានសារភាពនូវទោសកម្មរបស់ពួកគេនៅចំពោះមុខចៅក្រម នឹងតុលាការកាត់ទោសដោយនិយាយបន្ថែមថា ទណ្ឌិតទាំងអស់ គឺជាសមាជិករបស់អង្គការដែលគេបានហាមឃាត់ ។

នៅមុនការអនុម័តយល់ព្រមរបស់ប្រមុខកងទ័ពនេះ ពួកទណ្ឌិតទាំងនេះជាដំបូងបានប្រឈមមុខនឹងការកាត់ទោសនៅក្នុងតុលាការយោធា ដែលគេបានបង្កើតឡើងបន្ទាប់ពីមានការវាយប្រហារភេរវកម្មទៅលើសាលាយោធាមួយកាលពីក្នុងខែធ្នូ ឆ្នាំ២០១៤ដើម្បីពន្លឿនការកាត់ទោសពួកជនសង្ស័យភេរវកម្ម៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )