បក្សប្រឆាំងបង់ក្លាដែសបង្កើតច្រវ៉ាក់មនុស្សទាមទារឱ្យដោះលែងអតីតនាយករដ្ឋមន្ត្រី

AKP ភ្នំពេញ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៨ — មនុស្សរាប់ពាន់នាក់មកពីគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសបង់ក្លាដែស បានបង្កើតច្រវ៉ាក់់មនុស្សមួយនៅក្នុងរដ្ឋធានីកាលពីថ្ងៃចន្ទនេះ ដែលទាមទារឱ្យដោះលែងមេដឹកនាំដែលជាប់ឃុំរបស់ពួកគេគឺលោកស្រី ខាឡេដា ហ្សៀ ( Khaleda Zia ) ព្រមទាំងធ្វើការបោះឆ្នោតសភាដោយសេរី និងយុត្តិធម៌ ដែលបម្រុងធ្វើនៅខែធ្នូ ។
ពួកមេដឹកនាំគណបក្សជាតិនិយមបង់ក្លាដែស ( BNP ) និងពួកសកម្មជនបានប្រមូលផ្តុំគ្នានៅខាង មុខក្លឹបសារព័ត៌មា​នក្នុងក្រុងដាកា ចាប់តាំងពីព្រឹកថ្ងៃចន្ទមក ។

ពួកគេបានរាំងខ្ទប់ផ្លូវសំខាន់នៅខាងមុខក្លឹបនោះ ដោយកាន់បដា និងពាក្យស្លោកដែលទាមទារឱ្យដោះលែងជាបន្ទាន់មេដឹកនាំចំណាស់៧២ឆ្នាំ ដែលគេរកឃើញកំហុសលើបទចោទប្រកាន់ពុករលួយ នឹងបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ កាលពីក្នុងខែកុម្ភៈ ។

ពួកមេដឹកនាំ BNP បាននិយាយថា ការសងសឹកខាងនយោបាយត្រូវបានគេស្តីបន្ទោសសម្រាប់ ករណីប្រឆាំងនឹងលោកស្រី ខាឡេដា ហ្សៀ ព្រមទាំងកូនប្រុសលោកស្រី គឺលោក តារិក រ៉ាម៉ាន់ ដែលឥឡូវជាប្រធានស្តីទី BNP ព្រមទាំងរស់នៅក្នុងទីក្រុងឡុង ។

អគ្គលេខាធិការ BNP លោក Mirza Fahhrul Islam Alamgir ក្នុងចំណោមអ្នកដទៃទៀត បានថ្លែងទៅកាន់ច្រវ៉ាក់មនុស្សនោះ ព្រមទាំងបាននិយាយថា ចលនាដោយសន្តិភាពរបស់ពួកគេនឹងបន្តរហូតដល់គេដោះលែងមេដឹកនាំរបស់ពួកគេពីការឃុំឃាំង ។

លោកAlamgir បានរំលឹកឡើងវិញថា គណបក្សរបស់លោកនឹងទាមទារឱ្យបោះឆ្នោតសភា ដោយ សេរី និងយុត្តិធម៌ នៅក្រោមរដ្ឋាភិបាលដែលគ្មានប្រកាន់បក្សពួកមួយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)