មន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង និងអាមេរិក ពិភាក្សាគ្នា ពីកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Kang Kyong-wha បានជួប​ប្រជុំជាមួយបេសកជនពិសេសអាមេរិកថ្មី ប្រចាំប្រទេសកូរ៉េខាងជើង​ចំពេលមានសញ្ញាល្អ​នានា​រវាង​ទីក្រុង​ព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីងតោន កំពុងឈានទៅរកការបន្តកិច្ចពិគ្រោះ​យោបល់។

លោក Stephen Biegun តំណាងពិសេសរបស់ក្រសួងការបរទេសសម្រាប់ប្រទេស​កូរ៉េខាងជើង បានមកដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ ដែលធ្វើជាផ្នែកមួយនៃដំណើរទៅកាន់​តំបន់អាស៊ីភាគឦសានរបស់លោក។ លោក ត្រូវបានទទួលការគួរសម​ពីលោក Kang នៅមុន​ពេលកិច្ចចរចាជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក លោក Lee Do-hoon។

តាមសេតវិមានបានឱ្យដឹងថា លោក Biegun បាននិយាយថា ដំណើរទស្សនកិច្ចរបស់​លោក​នៅទីក្រុងសេអ៊ូលនេះ គឺមានគោលបំណងសំខាន់សម្រាប់កិច្ចពិគ្រោះយោបល់​នានា​ ស្តីអំពីមធ្យោបាយក្នុងការធ្វើឱ្យមានដំណើរការនៅក្នុងការធ្វើមិនឱ្យមាននុយក្លេអ៊ែរ និងនាំទៅ​កាន់​តុចរចាសន្តិភាពនៅឧបទ្វីបកូរ៉េ។ នៅមានកិច្ចចរចាមួយសម្រាប់កិច្ចប្រជុំកំពូលមួយ​ផ្សេង​ទៀត រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង- អ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផងដែរ។

ទីប្រឹក្សាព័ត៌មានសេតវិមាន លោកស្រី Sarah Huckabee Sanders បានប្រាប់ពួក​អ្នកយកព័ត៌មានថា លោក គីម ​បានផ្ញើសារមួយច្បាប់ប្រកបដោយភាពវិជ្ជមាន និងមានភាព​កក់​ក្តៅ​យ៉ាងខ្លាំង​ជូនដល់លោក ត្រាំ តាមការស្នើសុំបន្ទាប់ពីកិច្ចប្រជុំ ស្របតាមកិច្ចចរចា​នៅ​ប្រទេសសិង្ហបុរីរបស់ពួកគេ កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ។​

លោកស្រីបាននិយាយថា យើងនឹងធ្វើវា ហើយត្រៀមរួចជាស្រេច​នៅក្នុងដំណើរការ​នៃ​ការសម្របសម្រួលនេះ។ ទីប្រឹក្សាសន្តិសុខជាតិ លោក ចន ប៊ូតុន បាននិយាយផងដែរនៅឯ​វេទិកា​មួយនៅទីក្រុង វ៉ាស៊ីងតោនឌី.ស៊ី ថា លទ្ធភាពនៃកិច្ចប្រជុំកំពូលមួយផ្សេងទៀតនោះ ជាមួយកូរ៉េខាងជើង គឺពិតជាមាន មែន។

ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោក ត្រាំ ​គឺកំពុងតែ​រងចាំទីក្រុងព្យុងយ៉ាង ដើម្បីអនុវត្តនូវជំហាននានា ក្នុងការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ។ ប្រធា​នា​ធិបតីកូរ៉េខាងត្បូង លោក មូន ចេ-អ៊ិន គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង នាសប្តាហ៍​ក្រោយនេះ សម្រាប់កិច្ចប្រជុំលើកទីបីរបស់លោក ជាមួយលោក គីម៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )