កូរ៉េទាំងពីរនឹងធ្វើកិច្ចចរចាយោធាកម្រិតការងារ នាថ្ងៃព្រហស្បតិ៍ខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េទាំងពីរនឹង​កិច្ចចរចាយោធាកម្រិតការងារនាសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាពីវិធានការណ៍ក្នុងការកាត់​បន្ថយភាពតានតឹង​នៅតាមបណ្តោយព្រំដែន។

មន្ត្រីក្រសួងមួយរូបបាននិយាយថា កិច្ចចរចាថ្នាក់វរសេនីយ៍ឯកដែលបាន​គ្រោងធ្វើ​នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ នឹងត្រូវតាមដានលើកិច្ចព្រមព្រៀងជាបណ្តោះអាសន្នមួយ​ដែល​បានអនុម័តនៅឯកិច្ចប្រជុំថ្នាក់ឧត្តមសេនីយ៍មួយ កាលពីថ្ងៃទី៣១​ខែកក្កដាកន្លងទៅ ស្តីអំពី​បញ្ហា​នានា ដែលរួមបញ្ចូលទាំងការជីករុករករួមគ្នាដែលបានស្នើឡើង​សម្រាប់សាកសព ដែល​ស្លាប់​ដោយសារសង្គ្រាម​នៅក្នុងតំបន់ដែលគ្មានកងទ័ព (DMZ) ការដកប៉ុស្តិ៍យាមនានាចេញពី DMZ ឈរលើមូលដ្ឋាននៃការជំនុំជម្រះមួយ និងការដកហូតសព្វាវុធ​នៅតំបន់សន្តិសុខរួមគ្នា។

ពួកគេបានគ្រោងនឹងស្វែងរករបៀបវារៈខាងយោធា​ សម្រាប់កិច្ចប្រជុំកំពូលនាពេល​ឆាប់ៗខាងមុខនេះ រវាងប្រធានាធិបតី លោក មូន ចេ-អ៊ិន​ និងមេដឹកនាំកូរ៉េខាងជើង លោក ​គីម ជុង-អ៊ុន។ លោក មូន គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី​២០ ខែកញ្ញាខាងមុខនេះ។

មន្រ្តីមួយរូបបាននិយាយថា ឧត្តមសនីយ៍យោធា Cho Yong-geun នឹងធ្វើជាតំណាង​សម្រាប់ភាគី កូរ៉េខាងត្បូង៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )