វៀតណាម និងហុងគ្រីឯកភាពបង្កើនទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ១០ ខែកញ្ញា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (CPV) លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងកម្រិតភាពជាដៃគូដ៏ទូលំទូលាយ ក្នុងអំឡុងពេលជំនួបពិភាក្សាមួយនៅទីក្រុង Budapest ប្រទេសហុងគ្រី ។

មេដឹកនាំ CPV បាននិយាយថា វៀតណាមចាត់ទុកប្រទេសហុងគ្រីជាដៃគូឈានមុខគេមួយនៅអឺរ៉ុបភាគកណ្តាល ហើយលោកបានអបអរសាទរប្រទេសហុងគ្រីក្នុងការសម្រេចបាននូវសមិទ្ធផលសង្គមសេដ្ឋកិច្ចដ៏សំខាន់ៗមួយចំនួន ដែលធ្វើឱ្យប្រទេសនេះក្លាយទៅជាប្រទេសសេដ្ឋកិច្ចឈានមុខមួយក្នុងសហភាពអឺរ៉ុប ដែលមានស្ថិរភាពនយោបាយ និងសាមគ្គីភាពសង្គម។ ។ លោក Orban បាននិយាយថា ហុងគ្រីចាត់ទុកប្រទេសវៀតណាមជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយលោកបានអះអាងថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតនូវព្រឹត្តិការណ៍ថ្មី និងកម្លាំងជំរុញសម្រាប់មិត្តភាពជាប្រពៃណីទ្វេភាគី និងកិច្ចសហប្រតិបត្តិការចម្រុះ។

ភាគីទាំងពីរបានឯកភាពគ្នារក្សាដំណើរទស្សនកិច្ច និងការផ្លាស់ប្តូរគ្នាជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ការពង្រឹងកិច្ចពិគ្រោះយោបល់នយោបាយ និងកិច្ចសន្ទនាជាយុទ្ធសាស្រ្តតាមរយៈយន្តការនានាថ្នាក់គណបក្ស រដ្ឋាភិបាល និងរដ្ឋសភា ក៏ដូចជារវាងបណ្តាក្រសួង ស្ថាប័ន និងថ្នាក់ខេត្ត។

ពួកគេបានសំដែងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យផ្សេងៗ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការការពារជាតិ ការបណ្តុះ បណ្តាល ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន ការថែទាំសុខភាព វប្បធម៌ កីឡា និងទេសចរណ៍ ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការថែរក្សា និងការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីក្នុងអំឡុងពេលដំណើរការនៃកិច្ចអភិវឌ្ឍន៍។

អគ្គលេខាធិការបានអះអាងថា វៀតណាមគាំទ្រហុងគ្រីក្នុងការបន្តកិច្ចសម្របសម្រួលជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាស្ពានទំនាក់ទំនងសម្រាប់ប្រទេសនេះក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្លុក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)