វៀតណាមត្រៀមខ្លួនសម្រាប់វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ១០ ខែកញ្ញា ប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំថ្នាក់ជាតិមួយនៅទីក្រុងហាណូយ ដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមនៅក្នុងវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារ ( AFML ) ដែលនឹងធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងខែតុលាខាងមុខនេះ។

AFML គឺជាសកម្មភាពប្រចាំឆ្នាំមួយរបស់គណៈកម្មាធិការអាស៊ានស្តីពីការអនុវត្តសេចក្តីប្រកាស អាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ( ACMW ) ។ ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងដោយប្រទេសជាប្រធានអាស៊ាននៅឆ្នាំនោះ។

វេទិកាលើកទី ១១ នេះ បានគ្រោងធ្វើចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែតុលា នៅប្រទេសសិង្ហបុរី ក្រោមប្រធានបទ «ឌីជីថលភាវូបនីយកម្មដើម្បីលើកកម្ពស់ការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងអាស៊ាន» ហើយផ្តោតសំខាន់ទៅលើការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ និងសេវាកម្មឌីជីថលដែលផ្តោតទៅលើពលករទេសន្តរប្រវេសន៍។

កិច្ចប្រជុំថ្នាក់ជាតិនេះត្រូវបានសហការរៀបចំដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចរបស់វៀតណាម អង្គការពលកម្មអន្តរជាតិ ( ILO ) និងភ្នាក់ងាររដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការផ្តល់ជំនួយបរទេសជំនួយអូស្រ្តាលី។
នៅក្នុងកិច្ចប្រជុំរួមចំនួន ៧ នៃកិច្ចប្រជុំថ្នាក់ជាតិនេះ បានពិនិត្យទៅលើសកម្មភាពថ្នាក់ជាតិក្នុងការអនុវត្តអនុសាសន៍ដែលបានដាក់ចេញដោយកិច្ចប្រជុំ AFMLs លើកមុនៗ។

អ្នកចូលរួមទាំងអស់បាននិយាយថា បច្ចេកវិជ្ជាឌីជីថលអាចជួយសម្របសម្រួល និងការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ ដោយនឹងជួយពលករធ្វើការវាយតម្លៃអ្នកជ្រើសរើស អាចប្រៀបធៀបអត្រាប្តូរប្រាក់នៅពេលពួកគេផ្ញើប្រាក់មកផ្ទះវិញ ហើយអាចបង្កើតជាបណ្តាញសម្រាប់ការផ្លាស់ប្តូរព័ត៌មាន និងការពិគ្រោះយោបល់ ព្រមទាំងការទទួលបានសេវាផ្នែកច្បាប់ផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)