នាយកប្រតិបត្តិក្រុមហ៊ុន Huawai ប្រចាំតំបន់អាស៊ីអាគេយ៍អះអាងថា ការសិក្សាគម្រោងមេ នៃប្រព័ន្ធព័ត៌មានវិទ្យា ក្នុងប្រទេសកម្ពុជាគ្រោនិងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

លោក វូ វ៉េតៅ (Wu weitao) ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Huawai ប្រចាំតំបន់អាស៊ីអាគេយ៍ មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ការសិក្សាគម្រោងមេ នៃប្រព័ន្ធព័ត៌មានវិទ្យា ក្នុងប្រទេសកម្ពុជាគ្រោនិងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ពិសេសពាក់ព័ន្ធទៅសុវត្តិភាពសន្តិសុខអ៊ីនធើណែត។

ក្នុងជំនួប ដែលធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ជាទីដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋន្ត្រីនៃកម្ពុជាអញ្ជើញចូលរួមពិព័រណ៌ចិន-អាស៊ាន លើកទី១៥ លោកប្រធានមានប្រសាសន៍ ថា ជាមួយនិងវត្តមានក្នុង ប្រទេសកម្ពុជាដែលមានរយះពេល១៩ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់លោកបានធ្វើការបណ្តុះបណ្តាលជូនដល់មន្រ្តីរាជរដ្ឋាភិបាល និងក្រុមហ៊ុនចំនួនជាងមួយពាន់នាក់ ដោយឡែកបុគ្គលិក ដែលធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោក មានប្រាក់បៀវត្សចាប់ពី១ពាន់ដុល្លាឡើងទៅ។ ជាមួយ គ្នានេះក្រុមហ៊ុននិងមានគម្រោងវិនិយោគបន្ថែមទៀត បន្ទាប់ពីផែនការរបស់ក្រុមហ៊ុនត្រូវបាន បញ្ចប់ហើយនោះ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន Huawai ដែលបានធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចក៏បានស្នើឲ្យក្រុមហ៊ុនធ្វើការសិក្សាឲ្យបានស៊ីជម្រៅ ពិសេសទាក់ទិនទៅនិងបញ្ហាសន្តិសុខ អ៊ីនធើណែត ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់បំផុតនោះ។

ដោយឡែក លោក លី ឈាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍កួហុង (Guangxi Guhong Development Corporation) នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីមានប្រសាសន៍ ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីដែរថា ក្រុមហ៊ុនរបស់លោកបានធ្វើការបណ្តាក់ទុនវិនិយោគ លើវិស័យកសិកម្មក្នុងប្រទេសកម្ពុជា មានរយះពេល៦ឆ្នាំមកហើយ។ កាលពីពេលកន្លងមក ក្រុមហ៊ុនបានធ្វើការនាំចូលអង្គរប្រមាណ៥ម៉ឺនតោនមកកានទីក្រុងណាននីង ។ ជាមួយគ្នានេះ លោកប្រធានបានធ្វើការស្នើសុំការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តី លើភាពអនុគ្រោះកូតាក្នុងការនាំចូលកសិផលកសិកម្មវេចស្ងួត ដូចជាគ្រាប់ស្វាយចន្ទី និងស្វាយក្រៀម មកកាន់ទីក្រុងណាននីងនៅពេលខាងមុខ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងចំពោះគំរោងវិនិយោគរបស់ក្រុមហ៊ុន សាជីវកម្មអភិវឌ្ឍន៍កួហុង ដែលបានធ្វើការវិនិយោគ ក្នុងប្រទេសកម្ពុជា។ សម្តេចបានស្នើឲ្យមានពិនិត្យលទ្ធភាព និងសិក្សាឲ្យកាន់តែស៊ីជម្រៅថែម ទៀត ក្នុងការបណ្តាទុនវិនិយោគនាំចេញនូវផលិតកសិកម្មពីប្រទេសកម្ពុជា មកកាន់ទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ប្រទេសចិន៕