ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍ ថា ការដោះលែងពិរុទ្ធជន កឹម សុខា គឺដោយសារ សុខភាព

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថាការដោះលែងពិរុទ្ធជន កឹម សុខា ដែលធ្វើឡើងកាលពីព្រឹកព្រលឹមថ្ងៃទី១០កញ្ញា ដោយសារហេតុផលសុខភាពរបស់ លោក កឹម សុខា។

ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត ចំនួន២២៩នាក់នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍សង្កត់ធ្ងន់ថាការនៅក្រៅឃុំរបស់ពិរុទ្ធជនកឹម សុខា គឺស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ តុលា។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបង្ហើបពីលិខិត របស់ពិរុទ្ធជន កឹម សុខា ក្នុងការសុំការ ជួយអន្តរាគមន៍ពីស្ថាប័នក្រសួងមហាផ្ទៃ ក្នុងការជួយការពារសុខសុវត្តិភាពចំពោះរូបលោក កឹម សុខា បើទោះបីស្ថិតក្នុងមន្ទីរឃុំឃាំង ឬចេញនៅក្រៅឃុំ។

ជាមួយនិងការថ្លែងនោះដែរ សម្តេចតេ ជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាសម្តេចគឺជាឥស្សរជនអាស៊ានមួយរូបដែលបានអញ្ជើញមកកាន់ទីក្រុងណាននីង ចំនួន១១លើក ពោលគឺច្រើនជាបណ្តា មេដឹកនាំអាស៊ានដទៃទៀតក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន ចិន កាលពីឆ្នាំ២០០៣ ក្រោមការដឹកនាំរបស់ឯកឧត្តម វ៉េន ជាវប៉ាវ អតីតនាយករដ្ឋមន្រ្តីចិន។

សម្តេចតេជោនាយករដ្ឋមន្រ្តីបើទោះបីជាពេលវេលាមាន ភាពមមាញឹកក៏ពិតមែន ប៉ុន្តែសម្តេចត្រូវតែអញ្ជើញទៅកាន់ទីក្រុងណាននីង ក្នុងនាមជាប្រទេស កិត្តិយសពិព័រណ៌ចិន-អាស៊ាន លើកទី១៥ឆ្នាំ២០១៨នេះ។ សម្តេច តេជោមានប្រសាសន៍ដែរថា នៅពេលខាងមុខនិងមាននិស្សិតកម្ពុជាកាន់តែច្រើនឡើងអញ្ជើញទៅបំពេញការសិក្សាថ្នាក់អាហារូបករណ៍ ក្នុងប្រទេសចិន។

នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឧបត្ថម្ភថវិកា ជូនដល់និស្សិតអាហារូបករណ៍ ក្នុងម្នាក់ៗថវិកាចំនួន៥០០ដុល្លារ៕