សម្តេចតេជោនាយករដ្ឋមន្រ្តីកោតសសើរនិស្សិតខ្មែរចំនួន២២៩នាក់ កំពុងសិក្សា នៅប្រទេសចិនបានទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេង គ្រី៖

ប្រមុខរាជរដ្ឋាភិបាលបានសំដែង នូវការវាយតម្លៃខ្ពស់ ចំពោះនិស្សិត ចំនួន២២៩នាក់ ដែលកំពុងសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បរិញ្ញាបត្រនៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត ចំនួន២២៩នាក់នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា នៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងពិភពលោក ដែលសម្តេចមានវត្តមានអញ្ជើញទៅបំពេញទស្សនកិច្ច ឬអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិអ្វី មួយ សម្តេចតែងតែជួបជាមួយបណ្តាមេដឹកនាំពិភពលោកនានា ក្នុងការស្នើសុំអាហារូបករណ៍ដើម្បីអនុញ្ញាតឲ្យនិស្សិតកម្ពុជាបានចេញទៅសិក្សានៅបរទេស ទោះតិចក្តីច្រើនក្តី ដើម្បីយកចំណេះមកធ្វើការអភិវឌ្ឍប្រទេសដ៏អភ័ព្វរបស់យើង ពីគ្មានអ្វីទាំងអស់ កាលពីជាង៣០ឆ្នាំមុន រហូតកម្ពុជាសំរេចបាន នូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្ត ក្នុងរយះពេលប្រមាណ២០ឆ្នាំចុង ក្រោយ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ តាមរយះការដាក់ចេញនូវ នយោបាយឈ្នះ ឈ្នះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ បន្តថា ថ្ងៃនេះទើបតែមានរយះពេល៤ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេចបានដឹកនាំគណះប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់ក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានចាប់បដិសន្ធិឡើងកាលពីថ្ងៃទី៦កញ្ញាកន្លងទៅថ្មីៗនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រ សាសន៍បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ និងដំណើរការទៅកាន់ភាពសំបូររុងរឿង មិនមានអ្វីមករាំងស្ទះនោះទេ ដែលនោះបានបង្ហាញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជន កម្ពុជា ដែលប្រាថ្នាចង់បានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនទៅមុខទៀត៕