ក្រសួងបរិស្ថានប្រជុំផ្សព្វផ្សាយផែនទីការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ –នៅរសៀលថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ស.ព ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន មានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយផែនទីឯកភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិរបស់ក្រសួងសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

នៅក្នុងអត្ថបទព័ត៌មាន ដែលចេញផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងបន្តថា ឯកឧត្តម សាយ សំអាល់ បានថ្លែងថា « រួមគ្នាគិត រួមគ្នាធ្វើ និងដឹកនាំនៅក្នុងការងារគ្រប់ គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ក៏ដូចជាការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព ការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប » គឺជាផែនទីឯកភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិរបស់ក្រសួងបរិស្ថាន សម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា

ប្រភពខាងលើឱ្យដឹងបន្តទៀតថា នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនទីឯកភាព ការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិរបស់ក្រសួងបរិស្ថាន សម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាកិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំថ្មី នៃក្រសួងបរិស្ថានសម្រាប់អាណត្តិទី៦​ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ចំណុះក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានទាំង២៥រាជធានី-ខេត្ត​ និងដៃគូអភិវឌ្ឍន៍​ ដើម្បីជំរុញ​ និងគូសវាសផែនទី​ បែងចែកតួនាទីភារកិច្ចក្នុងការអនុវត្តការងារ​ សំដៅធានាបាននូវតុល្យភាព​ សេដ្ឋកិច្ច​ បរិស្ថាន​ សង្គម។ កិច្ចប្រជុំនៅពេលនេះក៏បានជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ​ ដៃគូអភិវឌ្ឍន៍នានា​ ធ្វើយ៉ាងណាឱ្យក្របខណ្ឌយុទ្ធសាស្រ្ត​ ឆ្នាំ២០១៨-២០២៣​ ដើម្បីអនុវត្តន៍ការងារលើវិស័យ     បរិស្ថានទទួលបានគុណភាព​ និងនិរន្តរភាពបរិស្ថាន។ ផែនការយុទ្ធសាស្រ្តក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ត្រូវធានាការពារធនធានធម្មជាតិរបស់កម្ពុជា​ សម្រាប់ជាប្រយោជន៍ដល់ប្រជាជន​ និងសង្គម​ ដែលជាចក្ខុវិស័យអភិវឌ្ឍន៍ដោយចីរភាពក្នុងឆ្នាំ២០២៣​ ដែលជាមាគ៌ាឆ្ពោះទៅរកអនាគតមួយប្រកបដោយវិបុលភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប​ដោយបរិស្ថានល្អ​ផងដែរ៕

ដោយ ពេជ្រ ណារិទ្ធ