រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ទទួលអំណោយជាសម្លៀកបំពាក់ស្ដារលូ ពីក្រុមយុវជនប្រណាំងម៉ូតូធំ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានទទួលអំណោយជាសម្លៀកបំពាក់ សម្រាប់អ្នកស្ដារលូចំនួន ១០កំប្លេ ពីក្រុមក្លិបម៉ូតូធំ BMW Motorcycle Club Cambodia ដែល ដឹកនាំដោយលោក អ៊ុំ ប៊ុនរ៉េត។ ពិធីប្រគល់ និងទទួលធ្វើឡើង​កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងព័ត៌មាន។

តាមការបញ្ជាក់របស់ប្រធានក្រុមម៉ូតូធំ លោក អ៊ុំ ប៊ុនរ៉េត បានឱ្យដឹងថា ការផ្ដល់សម្ភារជា សម្លៀកបំពាក់ពីក្រុមរបស់លោកនេះគឺ សម្រាប់ឱ្យអ្នកចុះប្រមូលសំរាមចេញពីក្នុងលូ ដែល កន្លងមកបានឃើញឯកឧត្តម ខៀវ កាញារីទ្ធ បានទិញយកទៅឱ្យអ្នកស្ដារលូនៅ ក្នុងខេត្ត កំពង់ចាម។ លោកបានបន្ដថា ដោយពិនិត្យឃើញពីសកម្មភាព និងទឹកចិត្តដ៏ល្អរបស់ ឯកឧត្ដមដ្ឋមន្ត្រី ទើបក្រុមម៉ូតូធំរបស់លោកបានប្រមូលថវិកាពីសមាជិក ដើម្បីទិញសម្លៀក​បំពាក់ចំនួន១០ កំប្លេ ពីប្រទេសចិន ក្នុងតម្លៃប្រមាណ៧០០ដុល្លារ មកប្រគល់ជូនឯកឧត្ដម រដ្ឋមន្រ្ដី នាពេលនេះ។

ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ បានអរគុណដល់ក្រុមម៉ូតូធំដែល​បានផ្តល់​ជាសម្លៀកបំពាក់ទាំងនេះ ហើយឯកឧត្តម នឹងយកទៅចែកជូនដល់ក្រុមអ្នកស្ដារលូ នៅខេត្ត កំពង់ចាមចំនួន៥នាក់បន្ថែមទៀត ដែលកន្លងមកក៏បានចែកជូនចំនួន៥នាក់រួចហើយដែរ ដើម្បីឱ្យក្រុមការងារទាំងនោះ មានសម្លៀកបំពាក់ត្រឹមត្រូវ ការពារទឹកកខ្វក់ និងកុំឱ្យកើតជំងឺ សើរស្បែក ឬមានរបួសផ្សេងៗ៕

ដោយ ម៉ៅ ចរិយា

រូបថត៖ ខឹម សុវណ្ណារ៉ា