មន្ទីរអប់រំយុវជនខេត្តកំពង់ធំ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ សិស្សប្រឡងជាប់មានការកើនឡើង១,៤២ភាគរយ

AKP កំពង់ធំ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨​ — លោក ឈូ វុនធី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ បានបញ្ជាក់នៅព្រឹក ថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០១៨ នៅខេត្តកំពង់ធំមាន១០មណ្ឌល ដែលមានបេក្ខជនក្នុងបញ្ជីសរុប ចំនួន៤៤៨៤ នាក់ ក្នុងនោះស្រីចំនួន២៤៣៩នាក់។

លោកបន្តថា ផ្នែកវិទ្យាសាស្រ្តមាន៤មណ្ឌល ដែលមានបេក្ខជនសរុបចំនួន ១៨៥៨នាក់ ក្នុងនោះស្រី១០៤៩នាក់ ហើយផ្នែកវិទ្យាសាស្ត្រសង្គមមាន៦មណ្ឌល ដែលមាន បេក្ខជនសរុប២៦២៦នាក់ ក្នុងនោះស្រី១៣៩០នាក់ ហើយបេក្ខជនអវត្តមានសរុប៥០នាក់ ស្រី២០នាក់។ លោកបន្តទៀតថា បេក្ខជនបាន មកប្រឡង៤៤៣៤នាក់ ក្នុងនោះស្រី ២៤១៨នាក់ ជាលទ្ធផលបេក្ខជនប្រឡងជាប់សរុបចំនួន៣២៧៧នាក់ ស្មើនឹង៧៣,៩០ ភាគរយ ក្នុងនោះស្រី១៨៤១នាក់ ស្មើនឹង៧៦,១៤ភាគរយ។

លោកបញ្ជាក់ថា ឆ្នាំ២០១៨នេះ បើប្រៀបធៀបលទ្ធផលទៅនឹងលទ្ធផលឆ្នាំ២០១៧ ឃើញថាមានការកើនឡើង១,៤២ភាគរយ។ សិស្សទទួលបាននិទ្ទេស A មានចំនួន៩នាក់ ក្នុងនោះស្រី៦នាក់, B ៥២នាក់ ស្រី២៥នាក់, C ២១០នាក់ ស្រី១២៦នាក់, D ៦៨៥នាក់ ស្រី៤១០នាក់ និងE ២៣២១នាក់ ស្រី១២៧៤នាក់។

លោក ឈូ វុនធី បញ្ជាក់ទៀតថា លទ្ធផលដែលយើងទទួលបាននេះ គឺអាស្រ័យដោយ បេក្ខជនខិតខំរៀនសូត្រ ឆ្លើយតបទៅនឹងកំណែទម្រង់វិស័យអប់រំព្រម ទាំងក្រសួងអប់រំយុវជន និងកីឡាមានគោលដៅពង្រឹងគុណភាពអប់រំ ពោលគឺឱ្យ សិស្សានុសិស្សពិសេសបេក្ខជនត្រូវ មានចំណេះដឹងកាន់តែជ្រៅជ្រះពោលគឺអ្នកចេះគឺជាប់៕

ដោយ ស៊ុម វណ្ណា