អាជ្ញាធរខេត្តសៀមរាប គោរពវិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នំា២០១៨នេះ បានដឹកនាំមន្រ្តីរាជការនៃមន្រ្តីក្រោមឱវាទគោរពវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ នៅ ប្រទេសស្វ៊ីស ដែលជាប្រទេសកំណើតរបស់លោក កាលពីថ្ងៃទី០៩ ខែកញ្ញា បន្ទាប់ពីលោក វេជ្ជបណ្ឌិតបានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ។

ទោះបីជាគ្មានឈាមជ័រជាខ្មែរ តែលោកវេជ្ជ បណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា។ ក្រោយទទួលដំណឹងមរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា លោកវេជ្ជ បណ្ឌិត Beat Richner បានធ្វើឱ្យថ្នាក់ដឹកនាំ មន្ដ្រីគ្រប់ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋខ្មែរ មានការស្តាយស្រណោះអាឡោះអាល័យយ៉ាងខ្លាំងចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយ គុណធម៌របស់លោកផងដែរ។

លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ថានា ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផា ទី៣ខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងគុណដល់លោកវេជ្ជបណ្ឌិត Beat Richner ខាងមន្ទីរពេទ្យបានរៀបចំកន្លែងសម្រាប់ឱ្យសាធារណជនទៅបានចូលគោរព វិញ្ញាណក្ខន្ធ របស់លោកសាស្រ្តាចារ្យ បានដោយអាចចូលគោរពបានចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៨យប់ នៅក្នុងបរិវេណមន្ទីរពេទ្យនេះតែម្តង។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការបាត់បង់លោកវេជ្ជ បណ្ឌិត Beat Richner គឺជាការបាត់បង់ធនធានមួយដ៏ធំ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែ ទោះជាបាត់លោកក៏ពិតមែនប៉ុន្តែមន្ទីរពេទ្យនេះ នៅតែដំណើរការធម្មតា ព្រោះថា មូលនិធិ គន្ធបុប្ផាគឺនៅតែបន្តជួយ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏មាន មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាប្រភពធនធានសម្រាប់បន្តដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា ដូច្នេះមន្ទីរពេទ្យគន្ធបុប្ផា នៅតែដំណើរដូចដើមដដែល៕

ដោយ ឃុត សៅ