ក្រុមហ៊ុន ជេស៊ី (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ែរឡាញ បើកដំណើរការជើងហោះហើរថ្មី ពីក្រុងព្រះសីហនុ ទៅកាន់ ទីក្រុងក្វាងចូវ

AKP ភ្នំពេញ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ — ក្រុមហ៊ុន ជេស៊ី (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ែរឡាញ នឹងបើកដំណើរការជើងហោះ ហើរថ្មីមួយពី ក្រុងព្រះសីហនុ ទៅកាន់ ទីក្រុងក្វាងចូវ ដោយចេញដំណើរជារៀងរាល់ថ្ងៃ។ តំណាងក្រុមហ៊ុន JC AirLine បានឱ្យដឹងថា នេះគឺជាការបើកដំណើរការហោះហើរ ដោយត្រង់ ជាលើកដំបូងរវាងខេត្តទាំងពីរ ដើម្បីសម្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរ ក៏ដូចជា ពាណិជ្ជករសម្រាប់ការហោះហើររវាងប្រទេសកម្ពុជា និងប្រទេសចិន។ បើតាមការបញ្ជាក់ពី តំណាងក្រុមហ៊ុនខាងលើ បានបន្ដទៀតថា សម្រាប់ពេលវេលាហោះហើរចេញដំណើរពីក្រុង ព្រះសីហនុទៅកាន់ទីក្រុងក្វាងចូវ នឹងត្រូវធ្វើប្រតិបត្តិការហោះហើរ ជារៀងរាល់ថ្ងៃ ទៅតាម កាលវិភាគកំណត់របស់ក្រុមហ៊ុន។ ចំណែកការចេញដំណើរពីទីក្រុងក្វាងចូវ មកកាន់ក្រុង ព្រះសីហនុគឺចេញដំណើរនៅម៉ោង3:25 ជារៀងរាល់ថ្ងៃ។ ការបើកដំណើរការគោលដៅថ្មីនេះ បានធ្វើឱ្យចំនួនជើងហោះហើររបស់ក្រុមហ៊ុន JC Airlines បានកើនឡើងដល់២៩ជើង ក្នុងមួយសប្តាហ៍ ហើយខេត្តព្រះសីហនុ គឺជាគោលដៅទី១២ហើយដែល JC Airlines ធ្វើប្រតិបត្តិការហោះហើរទៅកាន់ចិនដីគោក។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជេស៊ី (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ែរឡាញ បាន ចាប់ផ្តើមបើកដំណើរការហោះហើរលើកដំបូងរបស់ខ្លួនចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ហើយមកដល់ពេលនេះគឺមានយន្តហោះចំនួន៥គ្រឿង ប្រភេទ Airbus 320៕

ដោយ ម៉ៅ ចរិយា